លោកប្រធានាធិបតីប្រទេសបារាំង អែមម៉ានូអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃចន្ទ ទី24 ខែកុម្ភៈថា បទឈប់បាញ់រវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី អាចត្រូវបានយល់ព្រម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នៅក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន លោកប្រធានាធិបតី ម៉ាក្រុង បានគូសបញ្ជាក់ពីការចរចាដែលកំពុងបន្តលើបញ្ហាសំខាន់ៗ រួមទាំងការប្តេជ្ញាចិត្តផ្នែកសន្តិសុខ ការពិចារណាលើទឹកដី និងការកសាងសេដ្ឋកិច្ចឡើងវិញសម្រាប់ប្រទេសអ៊ុយក្រែន។ លោកក៏បានលាតត្រដាងថា ប្រទេសបារាំង និងចក្រភពអង់គ្លេស កំពុងធ្វើការលើសំណើរួមគ្នាមួយ ដើម្បីដាក់ពង្រាយកងទ័ពក្នុងតួនាទីមិនប្រយុទ្ធ ដើម្បីជួយរក្សាស្ថិរភាព ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ។