កណ្ដាល ៖ 

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៧និង៤១នាទី ស្ថិតលើផ្លូវលេខ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូជាមួយម៉ូតូនិងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ យុវជនម្នាក់។

បើតាមសមត្ថកិច្ច បានឲ្យដឹងថានៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ ម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកចេញពីកន្លែងកើតហេតុ ទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស ពាក់ផ្លាកលេខកណ្ដាល1FI-5643  អ្នកបើកបរមានឈ្មោះ ហេង មាស ភេទប្រុស អាយុ២៧ ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល  បើកបរក្នុងទិសដៅស្របទិសគ្នា បណ្ដាលអោយអ្នកបើកម៉ូតូSUZUKI LET’S ដួលមកលើផ្លូវ ។

ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាកISUZU ប្រភេទបែនដឹកដី ពណ៌ស ពាក់ ផ្លាកលេខចង្កូតស្ដាំKDL-2148 បើកបរស្របទិសគ្នា កិនពីលើអ្នកបើកម៉ូតូម៉ាក SUZUKI LET’S  បណ្ដាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកជ័យជំនះដឹកយកទៅសង្គ្រោះ ។

ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលមកពីអ្នកបើកបរម៉ូតូ ទាំងពីរខាងលើ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់និងខ្វះការប្រុងប្រយ័ត្ន៕