យោធាអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នានៅថ្ងៃចន្ទ ទី10 ខែកុម្ភៈនេះ ពោល គឺបន្ទាប់ពីមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់កិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ថាជាការបង្កើនភាពតានតឹងនៅក្នុងតំបន់។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងជើង លោក គីម បាននិយាយថា ការដាក់ពង្រាយកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ការធ្វើសមយុទ្ធសង្រ្គាម និងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានបង្កជាអតុល្យភាពយោធានៅក្នុងតំបន់ និងបង្កើនបញ្ហាប្រឈមធ្ងន់ធ្ងរដល់បរិស្ថានសន្តិសុខ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ទាហានអាមេរិកប្រមាណ 28.500 នាក់ កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងប្រទេសកូរ៉េខាងជើង ដែលតែងតែធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល និងអភិវឌ្ឈន៍អាវុធនុយក្លេអ៊ែរនោះ ហើយថា ការធ្វើសមយុទ្ធយោធារួមរបស់ប្រទេសទាំងពីរ បង្ហាញពីកម្លាំងទ័ពអាកាសរួមគ្នា និងការត្រៀមខ្លួនដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរក្សាជំហរការពារដ៏រឹងមាំ។