ក្រុមអ្នកជិះកង់មកពី ៩រាជធានី-ខេត្ត បានចុះឈ្មោះជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ «ជិះកង់ភ្នំពេញ-បាត់ដំបង» លើចម្ងាយផ្លូវសរុប ២៩២គីឡូម៉ែត្រ ដើម្បីរួមគ្នារៃអង្គាសថវិកាជួយដល់ក្មេងៗក្រីក្រ នៅអង្គការមូលនិធិនៃក្តីសង្ឃឹមកុមារកម្ពុជា (HOPE) នៅទីរួមខេត្តបាត់បង។ កម្មវិធីសប្បុរសធម៌ជិះកង់ដើម្បីកុមារកម្ពុជានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះ មានអ្នកចុះឈ្មោះចូលរួមចំនួន ៨០នាក់ មកពីរាជធានី-ខេត្តចំនួន៩ គឺខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពុងឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមាននជ័យ ខេត្តសៀមរាប និងក្រុមជិះកង់នៅរាជធានីភ្នំពេញ។

អ្នកចូលរួមភាគច្រើនបានមកជួបជុំគ្នានៅមុខវិមានឯករាជ្យ នាវេលាម៉ោង ៤ទៀបភ្លឺ ដើម្បីជិះកង់រួមគ្នាចេញពីចំណុចនេះ ហើយក្រុមម៉ូតូធំចំនួន១០គ្រឿង បានជិះអមក្បួនជិះកង់មួយនេះតាំងពីភ្នំពេញ រហូតដល់ទីរួមខេត្តបាត់ដំបង ចំណែកអ្នកជិះផ្សេងៗទៀត រង់ចាំជិះ នៅតាមទីតាំងសម្រាក និងចេញដំណើរបន្តចំនួន ៥កន្លែង នៅក្នុងខេត្តមួយចំនួន ដែលបានជិះឆ្លងកាត់។

 លោក នូ ចំរើន បានបញ្ជាក់ថា៖ គោលបំណងធំរបស់សហព័ន្ធ ដែលរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីរៃអង្គាសសម្ភារ និងថវិកាមួយចំនួនយកទៅជួយដល់អង្គការ HOPE ដែលមានការខ្វះខាត ហើយមួយទៀត យើងចង់កៀរគរអ្នកជិះកង់ទាំងអស់ ឱ្យចូលរួមជិះកង់ពីភ្នំពេញទៅខេត្តបាត់ដំបង ដើម្បីបំផុសចលនាកីឡាជិះកង់ផង និងផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជាផង ដែលសម្បូរទៅដោយតំបន់ទេសចរណ៍ទាំងនៅរាជធានី និងខេត្តនានា។

អគ្គលេខាធិការរូបនេះ បានឱ្យដឹងទៀតថា ការជិះកង់ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងនេះ ជាព្រឹត្តិការណ៍ជិះកង់ដំបូងគេ ប្រចាំឆ្នាំ២០២៥ ចំណែកការរៀបចំកម្មវិធី «ជិះកង់ពីភ្នំពេញទៅខេត្តសៀមរាប» កាលពីឆ្នាំ២០២៤ សហព័ន្ធ ប្រមូលបានថវិកាតាមការបរិច្ចាគផ្សេងៗសរុប ២១លានរៀល និងសម្ភារមួយចំនួនទៀត យកទៅជូនដល់មន្ទីរពេទ្យកុមារអង្គរ។ 

លោក ធី សុធឿន នាយកអង្គការ HOPE នៅទីរួមខេត្តបាត់ដំបង បានបង្ហាញភាពសប្បាយរីករាយខ្លាំង ដែលអង្គការរបស់លោក បានបង្កើតទំនាក់ជាមួយសហព័ន្ធកីឡាជាតិ ដើម្បីយើងអាចមានលទ្ធភាពទិញឯកសណ្ឋាន និងកង់ ជួយដល់ក្មេងៗជិត ១០០នាក់ នៅក្នុងការសហគមន៍ ដែលកំពុងមានការខ្វះខាត។

លោកបានបន្ថែមថា តាមរយៈកម្មវិធីនេះ នឹងជួយបណ្តុះគំនិតឱ្យក្មេងៗរបស់យើងចេះជួយគ្នាទៅវិញទៅមក ហើយដោយសារអ្នកជិះកង់មកនេះ សុទ្ធតែជាជនជាតិខ្មែរអ៊ីចឹងអារម្មណ៍នៃការទំនាក់ទំនងផ្ទាល់របស់ក្មេងៗយើង វាអាចមានតម្លៃជាងឃើញបរទេសជួយដល់ពួកគេ ហើយសកម្មភាពខ្មែរជួយខ្មែរនេះ ក៏នឹងជួយបំផុសគំនិតដល់អាណាព្យាបាល ក៏ដូចជាក្មេងៗរបស់យើង ឱ្យបន្តការសិក្សាបានវែងឆ្ងាយផងដែរ៕