កណ្តាល ៖
ចោរអំបុកចោរអំបែង ប្រើស្នៀត លួចបិទឌីសង់ទរ័ រួចប្រើកណ្តៀវ លួចកាត់ខ្សែភ្លើងអ្នកភូមិ ដុតយកស្ពាន ជាថ្នូរដូរយកគ្រឿងញៀនប្រើប្រាស់ ដោយហេតុខាងលើបានកើតឡើងនៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុចភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៥ ។
ប្រភពសមត្ថកិច្ចមូលដ្ធាន បានប្រាប់អោយដឹងថា÷ជនរងគ្រោះឈ្មោះ សំបូរ ជៀន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។
ចំនែកជនសង្ស័យ មានឈ្មោះ រស់ សុខគឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន) មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះដែរ។ ចំពោះវត្ថុតាងចាប់យក មាន៖ -កណ្ដៀវប្រភេទធ្មេញកណ្ដូបចំនួន០១ ធ្វើអំពីដែកដងជ័រពណ៌ខៀវមានប្រវែង៣០ សង់ទីម៉ែត្រ។ ចំណែកសម្ភារៈបាត់បង់ គឺខ្សែភ្លើងពណ៌ស ប្រភេទ(២×២,៥) ប្រវែង៤០ម៉ែត្រ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ដោយយកទៅដុតយកស្ពាន់ បន្ទាប់យកទៅប្ដូរគ្រឿងញៀនពីឈ្មោះ ពូក ពៅ ភេទប្រុស អាយុ២០ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នាបានគ្រឿងញៀនចំនួន០១កញ្ចប់តូចយកមកប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕