ពិតណាស់ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ តួឯកប្រុសប្រចាំប៉ុស្តិ៍លេខ៣ថៃ លោក អេឡិច រ៉េនឌេល (Alexander Rendell) បានដឹកដៃកូនក្រមុំរបស់ខ្លួនចូលរោងជ័យតាមប្រពៃណីរួចរាល់ហើយ។
ដោយឡែកកាលពីពេលថ្មីៗនេះ តារាសម្តែងប្រុសរូបនេះ បានដឹកដៃកូនក្រមុំរបស់ខ្លួនម្តងទៀត ធ្វើពិធីជប់លៀងអាពាហ៍ពិពាហ៍ដ៏សែនរ៉ូមែនទិច នៅមាត់សមុទ្រមួយកន្លែងក្នុងខេត្តក្រៈប៊ី ប្រទេសថៃ។ ជាក់ស្តែងនៅក្នុងពិធីជប់លៀងនេះ ក្រៅពីពោរពេញដោយភាពរ៉ូមែនទិចហើយនោះ ក៏ពោរពេញទៅដោយភាពកក់ក្តៅ និងស្នាមញញឹម អមជាមួយសំឡេងសើចក្អាកក្អាយ ដោយសេចក្តីសុខ របស់ក្រុមគ្រួសារ និងភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ។
ជាមួយគ្នានេះ លោក អេឡិច រ៉េនឌេល (Alexander Rendell) ក៏បានបង្ហោះរូបភាពអមជាមួយសារដ៏មានអត្ថន័យនាថ្ងៃជ័យមង្គលរបស់លោក ថែមទាំងជម្រាបជូនសាធារណជនឱ្យដឹងដែរថា ការរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍របស់លោកនាពេលនេះ គឺរៀបចំឡើងមកបែប ដេស្ទីណេយស្ហិន វីដឌីង (Destination Wedding) ជាលក្ខណៈឯកជន ដោយមានការអញ្ជើញចូលរួមចំពោះតែអ្នកសិទ្ធស្នាលប៉ុណ្ណោះ ដើម្បីជាសក្ខីស្នេហ៍នៅក្នុងថ្ងៃដ៏មានសុភមង្គលរបស់គេ៕