កម្មវិធីប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ៥ នៅសប្តាហ៍នេះ មាន ៥គូប្រកួតជូនបងប្អូនទស្សនិកជនដូចសព្វមួយដង។សម្រាប់គូទី១ ប្រកួតក្នុងទម្ងន់ ៤៨គីឡូក្រាម។ បង្គោលក្រហមកីឡាករ រស់ អរុណ បានផ្តួលបង្គោលខៀវកីឡាករ នួន បូរមី ឲ្យអាជ្ញាកណ្តាលបញ្ឈប់នៅទឹកទី៣។

រីឯគូទី២ ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម។ បង្គោលក្រហមកីឡាករ សូត្រ សីហា ប្រើពេលត្រឹមតែ ១ទឹកប៉ុណ្ណោះដើម្បីផ្តួលបង្គោលខៀវកីឡាករ លី សុផែន តាមរយៈការប្រើកណ្តាប់ស្តាំដាល់ពេញទំហឹងចំគុម្ភថ្គាមឆ្វេងរបស់ លី សុផែន ឲ្យសន្លប់ស្តូកតែម្តង។

ចំណែកឯគូទី៣ ប្រកួតក្នុងទម្ងន់ ៧១គីឡូក្រាម ជាជំនួបរវាងបង្គោលក្រហមកីឡាករ ថៃ សុធា ប្រកួតជាមួយបង្គោលខៀវកីឡាករ លីន វាសនា។ កីឡាករទាំង២ តស៊ូគ្នាយ៉ាងស្វិតស្វាញពេញ ៣ទឹក។ ជាលទ្ធផល បង្គោលខៀវ លីន វាសនា យកឈ្នះបង្គោលក្រហម ថៃ សុធា ដោយពិន្ទុ។

លុះចូលដល់គូទី៤ ជាគូមិត្តភាពអន្តរជាតិ ធ្វើឡើងក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។ កីឡាករ សំណាង ចុងក្រោយ ព្យាយាមប្តូរដៃគ្នាជាមួយកីឡាករអ៊ីរ៉ង់ Fariboz Hoseinzadeh ប៉ុន្តែភ្លាត់ចូលមួយជើងរបស់កីឡាករអ៊ីរ៉ង់ធ្វើឲ្យចុងឆ្អល់មិនអាចបន្តការប្រកួតបាន ក៏សុំបោះបង់ការប្រកួតនៅក្នុងទឹកទី១។

និងគូទី៥ ជាគូចុងក្រោយប្រចាំកម្មវិធី ជាជំនួបរវាងកីឡាករ នៅ វណ្ណថន ជាមួយកីឡាករអ៊ីរ៉ង់ Iman Hosseinvand ធ្វើឡើងក្នុងទម្ងន់ ៥៧គីឡូក្រាម។

គូនេះគ្រាន់តែស្នូរជួងលឺឡើង Iman ព្យាយាមវាយសន្ធប់មកលើ នៅ វណ្ណថន ប៉ុន្តែកីឡាករគុនខ្មែរចេះរកវិធីដោះស្រាយស្ថានការបាន ហើយធ្វើការវាយបកវិញ រហូតដល់ចុងទឹក នៅ វណ្ណថន បានទាត់មួយជើងយ៉ាងធ្ងន់ចូលពោះកីឡាករអ៊ីរ៉ង់ ធ្វើឲ្យឆ្អល់ក្រោកលែងរួច ក៏សុំបោះបង់ការប្រកួតនៅត្រឹមទឹកទី១។

សូមបញ្ជាក់ថា កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ ធ្វើការការប្រកួតជារៀងរាល់ថ្ងៃសៅរិ៍ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ដោយទទួលបានការឧបត្ថមពីក្រុមហ៊ុនទឹកបរិសុទ្ធ LYYON និងទឹកកកអនាម័យ EVA Premium Ice ៕