បាត់ដំបង៖ 

អគ្គិភ័យមួយ បានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោងប្រហែល២២និង១៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ  ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ករណីអគ្គិភ័យខាងលើនេះដែរ បណ្តាលអោយឆេះផ្ទះ០១ខ្នង(ឆេះទាំងស្រុង) ដែលមានទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី រួមជាមួយសម្ភារខូចខាតមាន៖ ,នាឡិកាដៃតម្លៃ ១,២០០ ដុល្លារ ០១គ្រឿង ,ទូរស័ព្ទដៃម៉ាក vivoចំនួន ០២គ្រឿង និងសម្ភារមួយចំនួនទៀតឆេះអស់ទាំងស្រុង សរុបគិតជាទឹកប្រាក់អស់ប្រហែល ៦០,០០០,០០០រៀល(ហុកសិបលានរៀល) ដែលម្ចាស់ផ្ទះឈ្មោះ ប៉ាត យីម ភេទប្រុស អាយុជាង ៧០ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបរលត់ទាំងស្រុងមិនអោយឆេះរាលដាលបន្ត៕