ភ្នំពេញ ៖ 

នារីវ័យក្មេងពីរនាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារជាបន្តបន្ទាប់នៅថ្ងៃទី១៤ កុម្ភៈដែលជាថ្ងៃទិវានៃស្រលាញ់ តែពុំបានសម្រេច ត្រូវបានអង្គភាពការពារគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ ចេញទូកនេសាទទៅជួយស្រង់សង្គ្រោះទាន់។ 

តាមព័ត៌មានឱ្យដឹងថានៅវេលាម៉ោង ៣និង១០នាទី ចូលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ នារីម្នាក់ បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែពុំបានសម្រេចត្រូវបានកម្លាំងនគរបាលអង្គភាពការពារគោលដៅទី៣ប្រចាំការ សហការជាមួយទូកជនជាតិខ្មែរអ៊ិស្លាម ជួយស្រង់ បានទាន់ពេលវេលា។ នារីមានវិបត្តិរូបនោះ ឈ្មោះ តុល ម៉ារីណែត អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ អាសយដ្ឋាន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទាក់ទិននិងមូលហេតុនៃការគិតខ្លី នារីរូបនោះ ប្រាប់សមត្ថកិច្ចឲ្យដឹងថាដោយសារខ្លួនគិតច្រើនពេក។ បន្ទាប់ពីស្រង់ចេញពីក្នុងទឹករួច សមត្ថកិច្ចនគរបាល ក៏បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។   

ដោយឡែក ស្ត្រីម្នាក់ទៀត បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វានៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីវេលា ម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី១៤ខែកុម្ភៈឆ្នាំ២០២៥ដែលជាថ្ងៃទិវានៃក្តីស្រលាញ់នេះ ហើយ បន្សល់ទុកស្បែកជើងនិងសម្លៀកបំពាក់។ បន្ទាប់ពីលោតចុះក្នុងទន្លេ នារីរូបនោះ បានហែលទឹកហើយ ត្រូវបានសមត្ថកិច្ច ចេញទូកនេសាទទៅស្រង់សង្គ្រោះទាន់។ 

នារីមានវិបត្តិទី២នេះ ឈ្មោះសឿន រក្សា អាយុ១៦ឆ្នាំ មុខរបរលក់ខោអាវឱ្យគេនៅផ្សារស្ទឹងមានជ័យថ្មី ស្នាក់នៅម្តុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកលក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញនិងមានស្រុកកំណើត  នៅស្រុកស្ទោង.ខេត្តកំពង់ធំ។ 

នៅចំពោះសមត្ថកិច្ច នារីវ័យក្មេងរូបនោះ បានឲ្យដឹងថាមូលហេតុដែលធ្វើឲ្យនាងគិតខ្លីដោយសារតែតូចចិត្តខ្លួនឯង សុំថៅកែបើកលុយទៅផ្ទះ តែថៅកែមិនឱ្យទៅ ។

បន្ទាប់ពីសាកសួរនិងធ្វើការអប់រំ នគរបាលក៏បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕