នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋអ៊ីស្រាអ៊ែល មានសេចក្តីសោមនស្សរីករាយ បានប្រកាសតែងតាំងអ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VET) ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៊ីស្រាអ៊ែល ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅឯសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ក្រោមសម្លេងភ្លេងជាតិនៃប្រទេសទាំងពីរ ពិធីប្រកាសតែងតាំងជាផ្លូវការនេះ ទទួលបានការសាទរ ជាមួយនឹងវត្តមានលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសអ្នកមុខអ្នកការពីស្ថាប័នផ្សេងៗជាច្រើនទៀត។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកឧកញ៉ា បានសម្តែងនូវអារម្មណ៍មោទកភាពក្នុងការទទួលបានការតែងតាំងជា កុងស៊ុលកិត្តិយសលើកដំបូងនៃប្រទេសអ៊ីស្រាអ៊ែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញពីជំហរយ៉ាងមុតមាំក្នុងការលើកកម្ពស់វិស័យ ៣ សំខាន់ៗ ដែលនឹងធ្វើឱ្យប្រទេសទាំងពីរមានការរីកចម្រើន។

ជាមួយនឹងការលះបង់ដើម្បីផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ អ្នកឧកញ៉ា ប្តេជ្ញានឹងបន្តបេសកកម្មមួយនេះទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងបំណងផ្សព្វផ្សាយពីវិស័យកសិកម្ម និងទេសចរណ៍ ដែលចំណុចសក្តានុលពលខ្លាំងរបស់កម្ពុជា ព្រមទាំងវប្បធម៌ និងអរិយធម៌ជាតិជាដើម ដោយសង្ឃឹមថាយើងនឹងអាចទាក់ទាញការវិនិយោគពីប្រទេសអ៊ីស្រាអែល ក៏ដូចជាស្រូទាញនូវលំហូរភ្ញៀវទេសចរណ៍ពីប្រទេសអ៊ីស្រាអ៊ែលមកកាន់ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ឱ្យកាន់តែកើនទ្វេឡើងមួយកម្រិតទៀត។