លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ពោលសរសើរ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ដែលមានទម្រង់លេងកាន់តែប្រសើរ ពិសេសការវាយបក និងការលេងជាក្រុម ដែលយល់ចិត្តគ្នា។ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយដូច្នេះ ក្នុងសន្និសីទកាសែត នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះ គឺជាការប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង ក្នុងជុំទី២ នៃពានរង្វាន់ Cambodian Premier League 2024-2025។ ការប្រកួតចុងក្រោយនៃជុំទី២នេះ ព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែកុម្ភៈ។
ការជួបគ្នាក្នុងជើងទី១ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមដែលមានទីតាំងនៅស្វាយរៀងនេះ បានលត់ក្រុមប៉ូលិស ក្នុងលទ្ធផល៥-០។ ដោយឡែកក្នុងជើងទី២នេះ លោក Pep Munoz នឹងមិនប្រហែសឡើយ ដ្បិតព្រះខ័នរាជស្វាយរៀង កំពុងប្រជែងពិន្ទុជាមួយភ្នំពេញក្រោន ដើម្បីឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាង។
ក្នុងសន្និសីទកាសែត មុនការប្រកួត នាថ្ងៃទី១៣ ខែកុម្ភៈ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងរូបនេះ បាននិយាយថានេះ គឺជាការប្រកួតចុងក្រោយសម្រាប់យើង ក្នុងជុំទី២ ហើយ យើងត្រូវប្រកួតជាមួយក្រុមប៉ូលិស។ នេះក៏អាចជាការប្រកួតដ៏លំបាកសម្រាប់យើង។ ពិតណាស់ ពួកគេអាចបង្ហាញពីកម្រិតនៃការលេងរបស់ពួកគេ។ ពួកគេកាន់តែប្រសើរឡើង ហើយឥឡូវនេះ។ យើង ត្រូវតែយកចិត្តទុកដាក់ ហើយយើងត្រូវតែលេងលឿន ហើយ ច្បាស់ៗ និងមិនបង្កើតកំហុស។ ក្រុមពេលគេល្អ ហើយបានត្រៀមខ្លួនសម្រាប់ប្រកួត ហើយ។»។
ក្នុងសន្និសីទដដែល កីឡាករ សួន សុវណ្ណ យល់ឃើញថា គុណភាព នៃការវាយបករបស់ក្រុមប៉ូលិស គឺល្អជាងដើមរដូវកាល។ ម្យ៉ាងការលេងយល់ចិត្តគ្នារវាងកីឡាករក្រុមនេះ ធ្វើឲ្យទម្រង់របស់ពួកគេ កាន់តែមានប្រសិទ្ធភាព។
ប៉ូលិសមួយរយៈចុងក្រោយនេះ ពួកគាត់ធ្វើបានល្អ។ កីឡាករពួកគាត់ប្រឹងខ្លាំងសម្រាប់ក្រុម។ មួយរយៈចុងក្រោយនេះ កម្រិតកីឡាកររបស់ពួកគាត់ ប្រែប្រួលច្រើន។ កីឡាករពួកគាត់ លេងយល់ចិត្តគ្នាជាងមុន ហើយគុណភាពប្រយុទ្ធ ក៏គ្រាន់បើជាងមុនដែរ ជាពិសេសការវាយបករបស់ពួកគាត់ គឺធ្វើបានល្អច្រើន។»។ ខ្សែការពារព្រះខ័នរាជស្វាយរៀងរូបនេះ បាននិយាយដូច្នេះ។
ក្នុងថ្ងៃជាមួយគ្នានោះ បឹងកេត ត្រូវស្វាគមន៍ វិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងជំនួបជើងទី១ កាលពីថ្ងៃទី២ ខែវិច្ឆិកា វិសាខា បានឈ្នះ បឹងកេត លទ្ធផល១-០ នៅកីឡដ្ឋានព្រីនស៍។ ទន្ទឹមគ្នានោះ អង្គរថាយហ្គឺរ ត្រូវប៉ះជាមួយ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន Akihiro Kato។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២១ ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១(បណ្ដោះអាសន្ន) មាន៤៩ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន លេខ២ មាន៤៨ពិន្ទុ។ ចំ ណែកក្រុមលេខ៣ វិសាខា មាន៤១ពិន្ទុ ខណៈអង្គរថាយហ្គឺរ នៅចំណាត់ថ្នាក់លេខ៤ មាន៣៤ពិន្ទុ។
រីឯលេខ៥ ក្រុមណាហ្គាវើលដ៏ មាន៣៣ពិន្ទុ និងចំណាត់ថ្នាក់លេខ៦ បឹងកេត មាន៣០ ពិន្ទុ។ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ មាន២៤ពិន្ទុ ឈរនៅលេខ៧ តាមពីក្រោយ ដោយកងយោធពលខេមរភូមិន្ទ លេខ៨ មាន១៩ពិន្ទុ។ ចំណែក ឡាយហ្វព្រះសីហនុ នៅ ចំណាត់ថ្នាក់លេខ៩ មាន១០ពិន្ទុ។ រីឯ គិរីវង់សុខសែនជ័យ នៅលេខ១០ មាន៦ពិន្ទុ ខណៈ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ធ្លាក់មកបាតតារាង៕