ពោធិ៍សាត់ ៖

លោកអធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងនា ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ថាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល  អធិការដ្ឋាននគរបាលស្រុក បានសហការពួនស្ទាក់ចាប់ជនស្ស័យ ជាចោរកាច់សោ.កម៉ូតូ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ហើយជាលទ្ធផល ក្របួចបានម្នាក់ រួមទាំងវត្ថុតាង ។

លោកអធិការនគរបាលឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញា មានឈ្មោះ ឈុន ម៉ុន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិគោក ឃុំស្នួល ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ 

ចំពោះវត្ថុតាង ដកហូតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០២២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1M 9147  ជាកម្មសិទ្ធរបស់ឈ្មោះ ញ៉ ចាន់ណា ភេទប្រុស ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកឧបករណ៍ដកហូត(ដែកចុងស្រួច)សម្រាប់កាច់សោ.កម៉ូតូ ០១, កូនសោខ្សៀ លេខ(៨)០១ ។

លោក បញ្ជាក់ទៀតថាជនសង្ស័យ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ នៅចំណុចមុខសាលាបឋមសិក្សារំលេច រួចជិះចេញទៅតាមបណ្ដោយផ្លូវកៅស៊ូ១ខ្សែ ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ។

លុះមកដល់ចំណុចផ្លូវបំបែក(ឃុំអូរតាប៉ោង និង ឃុំរំលេច) ស្ថិតនៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏ជួបកម្លាំងសមត្ថកិច្ច ដែលកំពុងពួនស្ទាក់ចាំ ។ ភ្លាមនោះជនសង្ស័យ បានជិះម៉ូតូបកក្រោយបានបន្តិច ក៏បានដួលម៉ូតូហើយព្យាយាមរត់ចូលអូរ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្របួចជាប់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ កំពុងបំពេញសំណុំឯកសារ ដើម្បីបញ្ជូននៅអធិការដ្ឋាននគរបាលស្រុកបាកាន ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ម៉ូតូ៕