ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ពីគោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីថ្នាល បានបញ្ចេញសមត្ថភាពនៅលើសង្វៀន ជាពិសេសប្រមូលធនធានថ្នាល់ទាំងនោះ មកហ្វឹកហាត់បន្ថែមជាមួយក្រុមជម្រើសជាតិ។ បើតាមឯកឧត្តម ខូវ ឆាយ ការប្រកួតថ្នាក់ជាតិនេះ ក៏ជាឱកាសសម្រាប់មន្ដ្រីបច្ចេកទេស បានអនុវត្តការងារជាក់ស្ដែង ព្រមទាំងទទួលបានបទពិសោធន៍បច្ចេកទេស និងលើកកម្ពស់ការប្រកួតលក្ខណៈថ្នាក់ជាតិ ឆ្ពោះទៅជាលក្ខណៈអន្ដរជាតិនានា។
ថ្លែងក្នុងពិធីបើកការប្រកួត កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ក្នុងពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ឯកឧត្តម ខូយ ឆាយ បានបញ្ជាក់ដូច្នេះថា ការប្រកួតជ្រើសរើសជើងឯកថ្នាំ២០២៤នេះ ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្ស បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីគុនខ្មែរថ្នាល ដែលមានទេពកោសល្យ ចូលរួមការប្រកួតតំណាងជាតិ ក៏ដូចជាបង្កើតចំនួនកីឡាករ-កីឡាការិនីឆ្នើម ឲ្យកាន់តែច្រើនបន្ថែមទៀត។
ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះ មានអត្ដពលិកសរុប ១៣៩នាក់ មកពី១៥សមាគម រាជធានី-ខេត្ត។ ក្នុងចំណោមអត្ដពលិកទាំងអស់ មានកីឡាការិនី ចំនួន៣៣នាក់។ ១៥សមាគម មកពីរាជធានី-ខេត្តនោះ រួមមាន៖ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តកណ្ដាល បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង សៀមរាប កំពង់ឆ្នាំង កែប ស្វាយរៀង មណ្ឌលគិរី កំពង់ធំ តាកែវ និងខេត្តត្បូងឃ្មុំ។
សហព័ន្ធ បានដាក់ ១៩វិញ្ញាសា សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ។ ក្នុងនោះផ្នែកបុរស មាន៖៣៥គីឡូក្រាម, ៣៧គីឡូក្រាម, ៣៩គីឡូក្រាម, ៤២គីឡូក្រាម, ៤៥គីឡូក្រាម, ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម និង ៦៣.៥គីឡូក្រាម។ ចំណែកវិញ្ញាសានារី មាន៣៥គីឡូក្រាម, ៣៧គីឡូក្រាម, ៣៩គីឡូក្រាម, ៤២គីឡូក្រាម, ៤៥គីឡូក្រាម, ៤៨គីឡូក្រាម, ៥១គីឡូក្រាម និង៥៤គីឡូក្រាម។ មេដាយសរុប ក្នុងការប្រកួតនេះ មានចំនួន៧៦គ្រឿង។
គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្លាប់រៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ម្ដងរួចហើយ ៕