កំពង់ស្ពឺ ៖
ចោរស្រីម្នាក់ ត្រូវបានកម្លាំងប្រជាការពារ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំខ្ទុំក្រាំង ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ តែត្រូវកូនម្ចាស់ផ្ទះ ទាន់ ក៏រត់ទៅលាក់ខ្លួនលើដើមឈើ។
ការឃាត់ខ្លួនចោរដៃរហ័សចិត្តហ៊ាននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថានៅមុនពេលឃាត់ខ្លួនចោរស្រីខាងលើ គឺកម្លាំងនគរបាលប៉ុស្ដិ៍ឃុំខ្ទុំក្រាំង បានសហការជាមួយប្រជាការពារភូមិ ឃាត់ខ្លួនឈ្មោះអឿន ហៀច ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ទឹកលងទី២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ដោយបានធ្វើសកម្មភាពយកកាំបិតគាស់ក្ដារក្រាល ចូលរុះរើទូរដាក់សំលៀកបំពាក់នៅក្នុងផ្ទះរបស់ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាល បានបន្តថានៅពេលកំពុងរើរុះ ត្រូវកូនម្ចាស់ផ្ទៈ មកទាន់ហើយរត់ចូលព្រៃឡើងសំងំលើដើមឈើ ក៏ត្រូវនគរបាលប៉ុស្តិ៍និងប្រជាការពារឃាត់ខ្លួនបាន តែម្តង។
ក្រោយឃាត់ជនសង្ស័យបាន កម្លាំងនគរបាល ធ្វើការដកហូតម៉ូតូដែលជាមធ្យោបាយជិះធ្វើសកម្មភាព០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ បិទតែមឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M•6698, ទូរស័ព្ទ ១គ្រឿង ម៉ាកអបប៉ូ និងកាំបិតប៉័ងតោចំនួន ២។
បច្ចុប្បន្ន ករណីខាងលើ ជំនាញសហការជាមួយប៉ុស្ដិ៍ បានកសាងសំណុំរឿងចាត់ការបន្ត តាមផ្លូវច្បាប់៕