យោងតាមប្រភពព័ត៌មានពីទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃសុក្រទី 28 ខែកុម្ភៈនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រថ្មី ដែលធ្វើឡើងនៅសមុទ្រខាងលិចនៃប្រទេស។ លោកប្រធានាធិបតី គីម បានបញ្ជាឲ្យកងទ័ពត្រៀមខ្លួនទាំងស្រុងក្នុងការប្រើប្រាស់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរ សម្រាប់ធានាបាននូវការការពារដ៏មានប្រសិទ្ធភាពបំផុត។ ការធ្វើតេស្តនេះទៀតសោត ធ្វើឡើងដើម្បីព្រមាន "ខ្មាំងសត្រូវដែលកំពុងរំលោភយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសសន្តិសុខនៃប្រទេស ដែលបានជំរុញ និងបង្កើនការប្រឈមមុខដាក់គ្នា"។