លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើការរិះគន់របស់លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី ថា មេដឹកនាំអ៊ុយក្រែនមិនបានបំពេញការងារល្អនោះទេ ហើយលោកអាចចូលរួមពិភាក្សាជាមួយប្រទេសរុស្ស៊ីនៅប្រទេសអារ៉ាប៊ីសាអូឌីតបាន ប្រសិនបើលោកចង់។ រដ្ឋាភិបាលអ៊ុយក្រែន និងអឺរ៉ុប មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ទី18 ខែកុម្ភៈ ក្នុងរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ ដែលនេះ បង្ហាញពីការព្រួយបារម្ភថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងយល់ព្រមលើកិច្ចព្រមព្រៀងដែលមិនអើពើផលប្រយោជន៍សន្តិសុខរបស់ពួកគេ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ត្រាំ បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន ថាជា "ជនផ្តាច់ការ" និងបានព្រមានឲ្យលោកត្រូវតែសម្រេចចិត្តឲ្យបានឆាប់រហ័ស ដើម្បីទទួលបានសន្តិភាព ឬប្រថុយនឹងការបាត់បង់ប្រទេសទាំងមូល។