កណ្តាល ៖
ក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់ប្រហែល៣០នាក់ បានរត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់ បន្សល់ទុកនូវមធ្យោបាយធ្វើដំណើរ(ម៉ូតូ)ចំនួន១៥គ្រឿងនៅទីតាំងល្បែងភ្នាល់ជល់មាន់មួយកន្លែង កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៥ ដែលស្ថិតក្នុងចំការស្វាយមិនស្គាល់ម្ចាស់ក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថានៅវេលាម៉ោងកើតហេតុ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកគយ ប៉ុស្តិទឹកវឹល និងប៉ុស្តិ៍ស្អាងភ្នំ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)នៅចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវលំបាក ហើយ ក្រុមញៀនល្បែងជល់មាន់ អាចមើលឃើញសមត្ថកិច្ចបានមុន ក៏រត់គេចខ្លួនប្រហែល៣០នាក់ ដោយបន្សល់ទុកនូវវត្ថុតាង៖
- ម៉ូតូចំនួន១៥គ្រឿង, មាន់ជល់ចំនួន០៥ក្បាល(ងាប់), កន្ត្រក់សម្រាប់ដាក់មាន់ចំនួន០៥ និងជញ្ជីងថ្លឹងមាន់ចំនួន០១។
លោកអធិការបានបញ្ជាក់ថាករណីខាងលើនេះ កម្លាំងជំនាញកំពុងចុះស្រាវជ្រាវស្វែករកម្ចាស់ទីតាំងបើក (ជល់មាន់) យកមកអនុវត្តនីតិវិធី៕