កណ្ដាល ៖ 

កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿង ញៀន ម្នាក់ដកហូតបាន១១កញ្ចប់ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវលំភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យខាងលើឈ្មោះ ស៊ឹង លី ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល មានវិជ្ជមានសារធាតុញៀន ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថានៅថ្ងៃខែឆ្នាំខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ថា មានការជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅ ចំណុចខាងលើ។ ពេលនោះលោកវរៈសេនីយ៍ត្រី ស៊ូ  វ៉ាន់ធឿន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក បានដឹកនាំកម្លាំងចុះទៅបង្រ្កាបនិងឃាត់ជនសង្ស័យ ខណៈជននោះកំពុងឈរលើផ្លូវលំ មួយកន្លែង។ បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនចំនួន១១កញ្ចប់ នៅក្នុងកូនកាបូបពណ៌ខ្មៅ ដែលជនសង្ស័យដាក់ក្នុងហោប៉ៅខោ ផ្នែកខាងឆ្វេង រួចក៏បានធ្វើការដកហូត និងនាំទៅសាកសួរនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គស្នួល ដើម្បី សួរនាំតែម្ដង ។

ប្រភពដដែល បានឲ្យដឹងទៀតថាក្រោយពេលកងរាជអាវុធហត្ថសួរនាំ  ជនសង្ស័យរូបនោះ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន១១កញ្ចប់នោះ គឺជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញមកពីជនមិនស្គាល់អត្តសញ្ញាណនៅម្ដុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខ្លួនបានទិញថ្នាំញៀនពីជនខាងលើបានចំនួន០៣លើក រួចមកហើយ ដែលនៅក្នុង០១លើក តម្លៃ១០ម៉ឺនរៀល រួចយកមករំលែកលក់បន្តក្នុងមួយកញ្ចប់ថ្លៃ០២ម៉ឺនរៀលនិងលក់បាន រយៈពេល២ខែមកហើយ មិនតែប៉ុណ្ណោះខ្លួនចេះប្រើប្រាស់គ្រឿងញៀនរយៈពេល៥ឆ្នាំមក ហើយដែរ ៕