ការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅទីក្រុងចឹងចូវ សាធារណរដ្ឋប្រជាមានិតចិនត្រូវបានអ្នកជំនាញសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាចាត់ទុកថាជាការផ្តល់នូវគុណតម្លៃដ៏ធំធេងសម្រាប់កម្ពុជាទាក់ទងនឹងសិល្បៈក្បាច់គុន ដែលជាវប្បធម៌កម្ពុជា។
លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះថា បេសកកម្មរបស់គ្រូបង្វឹក កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» និងពិធីបើកផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅឯសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ គឺស្ថិតក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ហើយសហព័ន្ធជាអ្នកបញ្ជូនអត្តពលិកចូលរួមចំណែកក្នុងព្រឹត្តិការណ៍នេះ។
បន្ថែមពីលើនេះ លោក អ៊ួ តារា លើកឡើងទៀតថា តាមរយៈទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយក្រៅពីទំនាក់ទំនងការទូត ក៏មានទំនាក់ទំនងផ្នែកយោធាផងដែរ តាំងពីបុរាណមក ដែលគេបានឃើញមានសិលាចារិកលើជញ្ជាំងប្រាសាទ បាយ័ន។ ក្រៅពីទំនងទំនងយោធានេះ ក៏គេឃើញអ្នកគុននិយមចិន និងអ្នកគុននិយមខ្មែរ មានការសំយោគគ្នាទៅវិញទៅមកដែរ។ ដូច្នេះហើយការបង្ហាញក្បាច់គុនរួមគ្នានេះ ពិតជាមានខ្លឹមសារល្អ ដែលបានបញ្ជាក់អំពីទំនាក់ទំនងតាំងពីអតីតកាល ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក៏ដូចជាបច្ចុប្បន្នកាល នៅក្នុងគោលដៅរិតចំណងមិត្តភាព និងគោលដៅទេសចរណ៍ប្រទេសទាំងពីរ កម្ពុជា-ចិន ផងដែរ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសហការជាមួយក្រសួងទេសចរណ៍បានបញ្ចូនគ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន៧រូប ដើម្បីចូលរួមបង្ហាញគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅសាធារណរដ្ឋប្រជាមានិតចិន៕