ខេត្តកណ្តាល ៖

ជនរងគ្រោះជាបុរសពោះម៉ាយ ដែលជាតន្ត្រីករសម័យ( វាយស្គរ) បានលង់ទឹកបឹងស្លាប់បាត់បង់ជីវិត ចាកចោលកូនស្រីទើបតែអាយុ១៣ឆ្នាំ ឲ្យរស់រងកំព្រាម្តាយឪពុកដែលហេតុការណ៍ដ៏សង្វេគនេះ បានកើតឡើងនៅរសៀលម៉ោង១៤និង០០នាទីថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្នុងបឹងមុខវត្តបទុមសាគរ ហៅ វត្តក្របៅ ដែលស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោក ឯក សំណាង ចៅសង្កាត់ដើមមៀន បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានឈ្មោះ  រ័ត្ន រិទ្ធី ហៅ ក្របី ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាតន្ត្រីករសម័យ ( វាយស្គរ) ជាបុរសពោះម៉ាយ លែងលះជាមួយភរិយា ១៣ឆ្នាំមកហើយ ដោយតស៊ូចិញ្ចឹមកូនស្រី ឈ្មោះ រឿន រ៉ាឌី តាំងពីអាយុ១ឆ្នាំ រហូតដល់កូនស្រីអាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ បច្ចុប្បន្នមានទីលំនៅ ភូមិដើមគរសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។   

តាមការបំភ្លឺរបស់ឈ្មោះ រឿន រ៉ាឌី ភេទស្រីអាយុ១៣ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានប្រាប់ថា÷គឺនៅវេលាកើតហេតុ ឪពុកខ្លួន បានមកលេងទឹកនៅមុខវត្តបទុមសាគរ ហៅវត្តក្របៅ ជាមួយអ្នកជិតខាងនិងក្មេងៗដោយជិះកង់បីជាមួយគ្នា។ ពេលដល់កន្លែងកើតហេតុ ក៏នាំគ្នាចុះលេងទឹកបឹង  ឯជនរងគ្រោះជាឪពុក ក៏ចង់ចុះលេងទឹកដែរ តែកូនស្រីមិនឲ្យចុះទឹក ដោយសារឪពុក មានពិសារគ្រឿងស្រវឹង តែជនរងគ្រោះជាឪពុក មិនស្តាប់ក៏ចុះលេងទឹកជាមួយដែរ។ 

ក្រោយពេលហែលលេងទឹកមួយសន្ទុះ ជនរងគ្រោះបានហែលទៅទឹកជ្រៅ ហើយ មានអ្នកនៅជិតនោះ ឃើញជនរងគ្រោះ  វន្ត័ខ្សែមងដាក់ត្រីចងដាក់ប៊ុយដុងតូចៗ វន្ត័ ក ។ ជនរងគ្រោះខំប្រឹងរើ តែខ្សែមង រិតតែវន្ត័ជាប់ បន្ទាប់មក ក៏មានប្អូនថ្លៃប្រុសឈ្មោះ ផែន វណ្ណៈ អាយុ៣៧ឆ្នាំ ជួយហែលទឹកទៅរកជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានលង់ចូលទឹកបឹងបាត់ ហើយ ក៏នាំគ្នារាវរកឃើញជនរងគ្រោះនិងស្រង់ឡើងយកមកលើគោក ដើម្បីជួយ សង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មក ក៏បានរាយការណ៍ជូនអាជ្ញាធរភូមិសង្កាត់ និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ។

តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនិងជំនាញ គឺជនរងគ្រោះស្លាប់ដោយសារ លង់ទឹកប្រាកដមែន ហើយ សព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោមការចាត់ចែងយ៉ាងសកម្មនិងចិត្តមេត្តាធម៌ ពីលោកចៅសង្កាត់ដើមមៀន  ៕