កណ្តាល ៖ 

ជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវអ្នកភូមិលើកគ្នា មកប្តឹងដល់ប៉ុស្តិ៍ប៉ូលីស ក្រោយទ្រាំលែងបាននិងទង្វើលួចផលដំណាំនិងជាពិសេសលួចសត្វមាន់ហើយ នៅគម្រាមថានឹងសម្លាប់ម្ចាស់មាន់ទៀត  ដែលហេតុការណ៍ខាងលើនេះ បានកើតហេតុនៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៥ នៅចំណុចភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល  ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥។

សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា បានប្រាប់អោយដឹងថា÷ជនរងគ្រោះ មានចំនួន០២នាក់៖

១-ឈ្មោះ ប៊ន គឹមហេង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ។ ២-ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ចំនែកជនសង្ស័យ មានឈ្មោះ ស្រូយ ភារ៉ា ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ 

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបាន អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា÷ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងតែស្រែកឡូឡានិងដើរលួចផលដំណាំ និងលួចសត្វមាន់របស់ប្រជាពលរដ្ឋនៅក្នុងភូមិជាញឹកញាប់ ហើយ ស្រែកគម្រាមថានឹងសម្លាប់ជនរងគ្រោះទៀតផង៕