នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នារសៀលថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកថ្មីៗនេះ មានកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១,០០០សាក់» ។
ក្រុមការងារពាក់ព័ន្ធ ក្នុងនោះមានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, កាកបាទក្រហមកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា, អ្នកដឹកនាំក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, មន្រ្តីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ក្រុមការងាររៀបចំពិធី បានបែងចែក និងរៀបចំរបៀបវារៈ ធ្វើយ៉ាងណាដើម្បីឲ្យមហាជនមានភាពងាយស្រួលក្នុងពេលមកបរិច្ចាគឈាម។
មនុស្សច្រើនជាង ១,០០០នាក់ នឹងមកបរិច្ចាគឈាមដោយស្មគ្រចិត្ត នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសង្រ្គោះជីវិតដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងប្រទេសកម្ពុជា។ ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពឡើយ។
ក្រៅពីកម្មវិធីបរិច្ចាគឈាមចាប់ពីម៉ោង៧កន្លះព្រឹក ដល់ម៉ោង៥ល្ងាច, ចាប់ពីម៉ោង៦ល្ងាចទៅ ក៏មានការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមពិធីករកីឡាកម្ពុជា ប្រកួតជាមួយនឹងក្រុមអ្នកប្រដាល់គុនខ្មែរ ក្រោមការផ្តល់កិត្តិយសពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលលោកជាប្រធានកិត្តិយសរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ក្រោមមូលបទ “យើងរួមគ្នាបរិច្ចាគឈាម ១,០០០សាក់” ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ព្រឹត្តិការណ៍ដ៏ធំមួយនេះក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ និងបណ្តាញសង្គមជាច្រើនទៀតផងដែរ។ បងប្អូនមហាជនអាចចូលរួមបានបន្ថែមទៀត សម្រាប់ដែលអ្នកមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦០ឆ្នាំ ដោយគ្រាន់តែភ្ជាប់អត្តសញ្ញាណបណ្ណមកជាមួយតែប៉ុណ្ណោះ។
យើងត្រៀមចូលរួមបង្កើតកំណត់ត្រាថ្មីទាំងអស់គ្នានាថ្ងៃនោះ!