លោកជំទាវ  គឹម ស៊ីផាត់ រដ្ឋលេខាធិការស្តីទី តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថា វិស័យកីឡារាំនេះជាឱកាសសម្រាប់ការផ្លាស់ប្តូរ ទាំងបច្ចេកទេស តិចនិច ទាំងបទពិសោធ ក្នុងការប្រកួតកីឡារាំនេះ ក៏ជាការបំផុសស្មារតី មហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡានេះ ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារាំក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសអញ្ជើញជាអធិបតីបិទការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។

តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡារាំកម្ពុជា ដែលបានសហការគ្នាយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលវិស័យកីឡាគួរជាទីពេញចិត្ត និងបានបង្ហាញនូវមោទនភាពជាតិលើឆាកជាតិ និងអន្តរជាតិ។ ក្នុងរយៈកាលចុងក្រោយនេះ វិស័យកីឡាជាតិ ក៏ដូចជាកីឡារាំមានការវិវឌ្ឍគួរជាទីសាទរ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសក្នុងស្រទាប់យុវជន យុវនារី ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់បានរួមគ្នាធ្វើកំណែទម្រង់វិស័យកីឡាលើគ្រប់ទិដ្ឋភាព។ ជោគជ័យទាំងនោះបានស្តែងឡើង តាមរយៈការទទួលបានមេដាយពីការ ប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិ។

លោកជំទាវ គឹម ស៊ីផាត់ សង្កត់ធ្ងន់ថា ការរៀបចំការប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិនេះ ពិតជាបានបង្ហាញ អំពីសុខសន្តិភាព និងការអភិវឌ្ឍលើវិស័យកីឡារាំ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាឱកាសមួយ ដែលផ្តល់ឱ្យកីឡាករ កីឡាការិនីរាំអាចសាកល្បងសមត្ថភាព មុនពេលចូលរួមប្រកួតកីឡាអន្តរជាតិនានា ជាពិសេសត្រៀម ចូលរួមការប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡារាំពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាពេលខាងមុខនេះ។

លោកជំទាវបានលើកឡើងទៀតថា កម្ពុជាក៏ត្រូវរក្សាឱ្យបាននូវគុណធម៌ផ្នែកកីឡា គឺការលេងកីឡាដោយស្មើភាពគ្នា និងទទួលយកនូវលទ្ធផលនៃការចាញ់ឈ្នះ ដែលនេះជាឥរិយាបថមួយដ៏ប្រពៃ ដែលកីឡាករ កីឡា ការិនីគ្រប់ៗរូបត្រូវប្រកាន់ខ្ជាប់នៅគ្រប់វេទិកាទាំងអស់។ 

ជាមួយគ្នានេះ លោកជំទាវ គឹម ស៊ីផាត់ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាគណៈកម្មាធិការប្រតិបត្តិ អនុប្រធានកិត្តិយស ទីប្រឹក្សា និងជាសមាជិកគណៈកម្មការជំនាញទាំងអស់ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិនេះឡើងបានយ៉ាងអធិកអធម។ លោកជំទាវក៏បានកោតសរសើរចំពោះដៃគូសហការឧបត្ថម្ភ ដូចជា ក្រុមហ៊ុនវេសឡាញន៍គ្រុប ធនាគារអេស៊ីលីដា ក្រុមហ៊ុនមេនូឡាយហ្វខេមបូឌា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡារាំកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពជោគជ័យ។

ជាលទ្ធផលបច្ចេកទេសលើ១៥វិញ្ញាសា រួមមាន៖ ក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ មេដាយសរុប ១៨គ្រឿង (មាស ៧ ប្រាក់៨ សំរឹទ្ធ), ក្រសួងការពារជាតិ ឈរលេខ២ មេដាយសរុប ១៣គ្រឿង (មាស៥ ប្រាក់៣ សំរឹទ្ធ៥) ខេត្តបាត់ដំបង លេខ៣ មេដាយសរុប ៤ (មាស ២ ប្រាក់១ សំរឹទ្ធ១) ខណៈលេខ៤ ខេត្តកណ្តាល មេដាយសរុប ៥គ្រឿង (មាស ១ ប្រាក់១ សំរឹទ្ធ៣)។ រីឯខេត្តកំពង់ចាម លេខ៥ ទទួលបានមេដាយប្រាក់២ និងសំរឹទ្ធ៣គ្រឿង៕