ភ្នំពេញ ៖
អាណាព្យាបាលសិស្សជាង២០០នាក់ នៅវេលាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ២០២៥ បានលើកគ្នាទៅកាន់សាលាបឋមសិក្សាទួលកី ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយពីទទួលបានដំណឹងថា គ្រូស្ម័គ្រចិត្ត២នាក់បានឈប់បង្រៀន ព្រោះតែគ្មានប្រាក់ឧបត្ថម្ភ ហើយបង្រៀនយូរហើយ ពុំទទួលបានការឧបត្ថម្ភពីអាជ្ញាធរខណ្ឌកំបូល ឬទទួលបានក្របខណ្ឌពីក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញឡើយ ។
ប្រជាពលរដ្ឋ បាននិយាយថា គ្រូស្ម័គ្រចិត្ត២នាក់នោះ បានចូលរួមសហការជាមួយគ្រូក្របខណ្ឌសាលាបឋមសិក្សាទួលកី បង្រៀនកូនចៅគាត់ច្រើនឆ្នាំមកហើយ មិនដែលទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខណ្ឌ ឬក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញនោះទេ ។ ពួកគាត់ តស៊ូបង្រៀនដោយទទទួលបានប្រាក់ឧបត្ថម្ភពីសាលានិងលោកគ្រូ អ្នកគ្រូបន្តិចបន្តួច រហូតមក ប៉ុន្តែចុងក្រោយតស៊ូលែងរួច ព្រោះលែងមានប្រាក់ឧបត្ថម្ភ ពួកគាត់ក៏បានឈប់ ជាហេតុធ្វើឲ្យសាលាមានសិស្សច្រើនតែខ្វះគ្រូបង្រៀន ។
ប្រជាពលរដ្ឋ បាននិយាបន្តថា បន្ទាប់មក សាលាបានបង្ខំចិត្តច្របាច់ថ្នាក់រៀនបញ្ចូលគ្នាដោយយក២ថ្នាក់ធ្វើជា១ថ្នាក់ ធ្វើឲ្យសិស្សក្នុងថ្នាក់រៀនមានការកើនឡើងក្នុង១ថ្នាក់ពី១៤០នាក់ទៅ១៥០នាក់ អង្គុយរៀនប្រជ្រៀតគ្នា ។ បញ្ហានេះ បានធ្វើឲ្យពួកគាត់ដែលជាអាណាព្យាបាលសិស្ស មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព សុខភាពកូនៗរបស់ពួកគាត់ ខ្លាចកូនខ្យល់គ ឬជាន់គ្នាស្លាប់ ទើបលើកគ្នាទៅកាន់សាលា ដើម្បីឲ្យអាជ្ញាធរខណ្ឌកំបូល និងក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញទទួលយកគ្រូស្ម័គ្រចិត្ត២នាក់នោះមកបង្រៀនវិញ ។
បើតាមគ្រូបង្រៀន បានឲ្យដឹងថា នៅសាលាបឋមសិក្សាទួលកីនេះ មានសិស្សទាំងប្រុសទាំងស្រី សរុបចំនួន៩២៨នាក់ ហើយមានលោកគ្រូ អ្នកគ្រូ បូកទាំងលោកនាយកនិងលោកនាយករងផងសរុប១០នាក់ ហើយមានថ្នាក់រៀន ចាប់តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ មានចំនួន១១ថ្នាក់ និងរៀនចែកចេញជា២វេន គឺពេលព្រឹក និងពេលថ្ងៃ ។
ក្រោយពេលអាណាព្យាបាលសិស្សប្រតិកម្មបែបនេះ អាជ្ញាធរខណ្ឌកំបូល និងសង្កាត់ភ្លើងឆេះរទេះ បានចុះទៅកាន់ទីនោះធ្វើការសម្របសម្រួល ដោយសន្យាថានិងយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់នោះត្រលប់មកបង្រៀនសិស្សវិញ ហើយសាលាខណ្ឌជាអ្នករ៉ាប់រងប្រាក់ខែជូន ទើបពេលនោះប្រជាពលរដ្ឋនាំគ្នារំសាយទៅផ្ទះរៀងៗខ្លួន ៕