លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី3 ខែកុម្ភៈថា លោក ចង់ឲ្យប្រទេសអ៊ុយក្រែនផ្គត់ផ្គង់សហរដ្ឋអាមេរិក នូវសារធាតុរ៉ែកម្រ ហើយលោក ក៏មិនសប្បាយចិត្ត ចំពោះស្ថានភាពនៅព្រែកជីកប៉ាណាម៉ាដែរ។ លោក ត្រាំ បានលើកឡើងថា ធនធានរ៉ែកម្ររបស់ប្រទេសអ៊ុយក្រែន ជាសំណងសម្រាប់ជំនួយហិរញ្ញវត្ថុប្រមាណ 300 ពាន់លានដុល្លាររបស់ក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចខិតខំប្រឹងប្រែងសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោកក៏បានលើកឡើងពីស្ថានការណ៍ជាមួយប្រទេសប៉ាណាម៉ា ដោយបញ្ជាក់ថា ប្រទេសនេះបានយល់ព្រមលើ "រឿងមួយចំនួន" បន្ទាប់ពីការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ត្រាំ ក្នុងការគ្រប់គ្រងផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់មួយនេះ យោងតាមការព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិន។