ភ្នំពេញ ៖ 

ប្រជាពលរដ្ឋបា នធ្វើការឃាត់ជនសង្ស័យម្នាក់ ខណៈជននេះ ធ្វើសកម្មភាពឆក់ខ្សែ ក មាសពីស្រ្តីម្នាក់ ប៉ុន្តែឆក់បាន១កំណាត់ ក៏ត្រូវស្រ្តីនោះ ធ្វើការប្រទាញប្រទង់ និងស្រែកថាចោរៗ បណ្ដាលឲ្យជនសង្ស័យខាងលើដួលម៉ូតូនៅនិងកន្លែងនោះតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ  ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័  រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់នោះ មានឈ្មោះឡុង ឆៃរតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាវៀតណាម ស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្នុងភូមិថ្មគោល២  សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះឯក តូច អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅ ភូមិធ្លក ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកខ្សែកមាសដែលត្រូវជនសង្ស័យឆាក់នោះមានទម្ងន់ប្រហែល៥ជី យកបានមកវិញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយប្ដីជនជាតិចិននិងកូនស្រីតូចម្នាក់ បានជិះម៉ូតូកង់បី១គ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1KJ-8708 ទៅពីក្រោយធ្វើសកម្មភាពឆក់ខ្សែ ក ។ 

ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ខណៈនោះឆក់បាន១កំណាត់ ហើយជនរងគ្រោះធ្វើការប្រទាញប្រទង់ បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ ហើយជនរងគ្រោះបានស្រែកថាចោរបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញចាប់ខ្លួនបាន។ បន្ទាប់មក បានប្រគល់ជននោះឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់តែម្ដង ៕