លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីរៀបចំបិទការប្រកួតកីឡាសិស្ស បឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥ នៅទីលានបាល់ទាត់ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក សឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានរៀបចំការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥ រយៈពេល៣ថ្ងៃ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ដែលមានសិស្សមកពីសាលាបឋមសិក្សា និងមធ្យមសិក្សាមកពីក្រុង ស្រុក ទូទាំងខេត្ត បានចូលរួមប្រកួតលើវិញ្ញាសាចំនួន០៣ ក្នុងនោះមាន វិញ្ញាសាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម។

លោកប្រធានមន្ទីរបានកោតសរសើរចំពោះមន្ត្រីអប់រំក្រុង ស្រុក និងប្រតិភូដឹកនាំកីឡាបានខិតខំបង្វឹក និងរៀបចំក្រុមកីឡា ចូលរួមប្រកួតបង្កលក្ខណៈ និងបង្កើតព្រឹត្តការណ៍ទៅដោយរលូនដោយទទួលខុសត្រូវ។ ព្រឹត្តការណ៍ប្រកួតរយៈពេល៣ថ្ងៃនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលយកលទ្ធផលចាញ់-ឈ្នះជាសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ជោគជ័យនាពេលនេះគឺកើតចេញពីការផ្តល់នូវកិច្ចសហការល្អធ្វើឱ្យដំណើការប្រកួតឆ្នាំនេះកាន់តែសុក្រឹត និងទទួលបាននូវលទ្ធផលវិជ្ជមាន។

ទន្ទឹមនឹងនេះ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានវាយតម្លៃចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងប្រតិភូកីឡា ដែលយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីបង្កលក្ខណៈគ្រប់បែបយ៉ាងធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការលេងកីឡាពិតប្រាកដ ជាមានលទ្ធផលចាញ់ និងឈ្នះ ជាធាតុសំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។

ជាមួយគ្នានេះដែរលោកបានបន្តថា ការលេងកីឡាអាចដោះស្រាយបញ្ហាប្រឈមនានា និងបានដំណើរការយ៉ាងសុក្រឹត ទទួលបានលទ្ធផលវិជ្ជមាន ហើយលទ្ធផលដែលយើងទទួលបាននាពេលនេះ ពិតជាស័ក្តិសមសម្រាប់កីឡាករ កីឡាការិនី ដែលត្រូវបានវិនិច្ឆ័យនូវលក្ខណៈសម្បត្តិ កាយសម្បទា និងលក្ខខណ្ឌដទៃទៀតដោយគណៈកម្មការរៀបចំការប្រកួត។ កីឡាមិនគ្រាន់តែផ្តល់នូវ យសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំ ទៅលើផ្លូវចិត្ត និងសីលធម៌ តែធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់ អាចក្លាហាន អំណត់ព្យាយាម  និងចេះយោគយល់គ្នា និងប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ សុចរិតភាព ឆ្លើយតបតាមបរិបទ នៃការរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើន សកម្មភាពកីឡាឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការបំផុសចលនាអប់រំកាយ ក្នុងស្រទាប់ ប្រជាជន និងយុវ វ័យរបស់យើងនៅតាមសាលារៀន និងតាមសហគមន៍។

លោកអភិបាលខេត្តរង និងប្រធានមន្ទីរអប់រំខេត្ត បានផ្ដល់រង្វាន់ដល់កីឡាករ កីឡាការនី បឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំខេត្តសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នូវប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៊ូល និងប៉េតង់ ដោយជាលទ្ធផលចំណាត់ថ្នាក់មេដាយច្រើនជាងក្នុងនោះ ផ្នែកបឋមសិក្សា គឺស្រុកកំពង់ត្រឡាចសរុបចំនួន១២គ្រឿង មាសចំនួន៧គ្រឿង ប្រាក់ចំនួន២គ្រឿង សំរិទ្ធ៣គ្រឿង និងផ្នែកមធ្យមសិក្សា គឺស្រុករលាប្អៀរសរុប១៣គ្រឿង មាស៨គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៣គ្រឿង៕