កណ្តាល ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស្លាកលេខរដ្ឋ បានបុករថយន្តសេរីទំនើបចំនួន០២គ្រឿងដែលកំពុងឈប់រង់ចាំស្តុបពណ៌ក្រហម 

បណ្តាលអោយរងការខូចខាតរថយន្តធ្ងន់ធ្ងរ និងរងរបួសស្រាលមនុស្សប្រុសស្រី០២នាក់   ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុច ភ្លើងស្តុបមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ) កែងនិងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិ បត្តាជី(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា÷នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក TOYOTA FORTUNER ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ21 2-8100 ជាភាគីរថយន្តបង្ក  បើកបរដោយឈ្មោះ ស៊ឹម សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបររថយន្តតាមមហាវិថីសម្តេចតេជោ (ផ្លូវ ៦០ម៉ែត្រ ) ក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់កន្លែងកើតហេតុ  ក៏បានបុកពីក្រោយរថយន្តចំនួន០២គ្រឿង សុទ្ធតែសេរីទំនើប ដែលកំពុងឈប់ភ្លើងស្តុបពណ៌ក្រហម៖ទី១- រថយន្តម៉ាក LEXUS RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BQ-1642 និងទី០២- រថយន្តម៉ាក MG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2CE-3637។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តម៉ាក  LEXUS RX350 និងអ្នកបើករថយន្តម៉ាក MG រងរបួសស្រាល ត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរដោយខ្លួនឯង។ ចំណែកអ្នកបើកបររថយន្ត TOYOTA FORTUNER  ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យជាតិអាល់កុល ឃើញមានចំនួន 1,56 mg/L(១ក្បៀស៥៦ មីលីក្រាមក្នុងមួយលីត្រខ្យល់)។ 

លោកអធិការ បានបញ្ជាក់ថា÷មូលហេតុខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក TOYOTA FORTUNER បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងបានធ្វើតេស្តរកឃើញកម្រិតជាតិអាល់កុលខ្ពស់ក្នុងខ្លួន ។ ចំពោះមធ្យោបាយខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕