កងទ័ពមកពីប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការណាតូ បានចូលរួមក្នុងសមយុទ្ធយោធានៅមូលដ្ឋានកងទ័ពមួយកន្លែងក្នុងប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធ ទី19 ខែកុម្ភៈ ខណៈដែលមានការចូលរួមពីកងកម្លាំង និងគ្រឿងសព្វាវុធរាប់ពាន់គ្រឿង។ សមយុទ្ធដែលមានឈ្មោះថា ស្ទីតហ្វាស ដាត 2025 'Steadfast Dart 2025' នឹងបន្តធ្វើរហូតដល់ថ្ងៃព្រហស្បតិ៍ ទី21 ខែកុម្ភៈនេះ ដោយមានការចូលរួមពីកងទ័ពសរុបប្រមាណ 10.000 នាក់មកពីប្រទេសប៊ុលហ្គារី បារាំង ក្រិក អ៊ីតាលី រូម៉ានី អេស្ប៉ាញ ស្លូវេនី តួរគី និងចក្រភពអង់គ្លេស។ យោងតាមអង្គការណាតូ សមយុទ្ធនេះ គឺជាការដាក់ពង្រាយទ្រង់ទ្រាយធំលើកដំបូងនៃកងកម្លាំងប្រតិកម្មសម្ព័ន្ធមិត្តរបស់អង្គការណាតូ ក្នុងគោលបំណងបង្ហាញពីសមត្ថភាពរបស់អង្គការណាតូ ក្នុងការដាក់ពង្រាយកងកម្លាំងយ៉ាងឆាប់រហ័ស ដើម្បីពង្រឹងតំបន់ភាគខាងកើតរបស់ខ្លួន។