សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ឲ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ យកចិត្តទុកដាក់លើភាពសុក្រឹត និងច្បាស់លាស់ ដោយពឹងផ្អែកលើតឹកតាងប្រវត្តិសាស្ត្រ នៅក្នុងការងារស្រាវជ្រាវ សិក្សា និងចងក្រង គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ។ ការលើកឡើងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងពេលទទួលជួបឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅថ្ងៃទី៤ ខែកុម្ភៈនេះ។
នៅក្នុងជំនួបនេះ សម្តេច នាយករដ្ឋមន្ត្រី មិនភ្លេចឡើយ ការកោតសរសើរ ចំពោះលទ្ធផលដែលគណៈកម្មការស្រាវជ្រាវ សម្រេចបាន នាពេលកន្លងមក។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល យុទ្ធគុនដូនតាខ្មែរ ដែលត្រូវបានរក្សាទុកមកដល់សព្វថ្ងៃ មានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព និងបន្តតជំនាន់ ក៏ទាមទារឱ្យមានការ ស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ឱ្យគត់មត់ផងដែរ។
នៅក្នុងជំនួបដដែលនេះ សម្ដេចធិបតី បានជំរុញឱ្យគណៈកម្មការស្រាវជ្រាវគម្ពីរ អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ត្រូវសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ នៃប្រភេទយុទ្ធគុននីមួយៗឱ្យបានច្បាស់ ដើម្បីសង្គ្រោះយុទ្ធគុនដូនតាខ្មែរដែលបានបាត់បង់, ជិតនឹងបាត់បង់ ក៏ដូចជាអភិរក្សយុទ្ធគុនដូនតាខ្មែរដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។
សម្រាប់សម្ដេចហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយ នូវប្រភេទយុទ្ធគុនដូនតាខ្មែរ ដ៏សម្បូរបែប ក៏ត្រូវតែធ្វើឡើងឱ្យបានទូលំទូលាយផងដែរ។
បើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ ស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បច្ចុប្បន្ន គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ។
ការស្រាវជ្រាវ នោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាន និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។ នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត ថោង ខុន ក៏បញ្ជាក់ជាថ្មី ពីការការត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងធ្វើនៅចុង ឆ្នាំ២០២៥នេះដែរ។
ពាក់ព័ន្ធនឹងការប្រកួតនេះ ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យគណៈកម្មការ រៀបចំនីតិវិធីប្រកួតឱ្យកាន់តែល្អប្រសើរ និងជំរុញការចូលរួមឱ្យបានទូលំទូលាយពីគ្រប់ប្រភេទយុទ្ធគុនខ្មែរ ដើម្បីបង្កើនការយល់ដឹងរបស់ពលរដ្ឋអំពីមរតកយុទ្ធគុនដូនតាខ្មែរ។
សូមរំឭកថាព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ ទទួលបានជោគជ័យ ដោយមានអ្នកគុននិយមខ្មែរ តាមសហព័ន្ធកីឡាគុនខ្មែរ សហព័ន្ធកីឡាគុនចម្រុះកម្ពុជា សហព័ន្ធយុទ្ធក្រមខម សហព័ន្ធកីឡាចំបាប់កម្ពុជា និងអ្នកគុននិយមខ្មែរ តាមសហគម បានចុះឈ្មោះប្រកួត។ ព្រឹត្តិការណ៍ការនោះ ក៏ដូចជាឱកាសបានប្រមូលព្រឹទ្ធាចារ្យគុនតាមសហគមន៍ បានជួប ជុំគ្នាពិភាក្សាពីក្បាច់គុនបុរាណខ្មែរផងដែរ។ ព្រឹត្តិការណ៍នេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេច ហ៊ុន ម៉ាណែត ក្នុងគោលបំណងអភិវឌ្ឍ និងអភិរក្សគុនបុរាណខ្មែរ៕