សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានកិត្តិយសជម្រាបជូនមហាជនឲ្យបានជ្រាបថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមប្រមុខសហព័ន្ធបានឲ្យដឹងថា សម្រាប់ការរៀបចំនៅក្នុងឆ្នាំនេះ សហព័ន្ធផ្តោតខ្លាំងលើការបណ្តុះធនធានថ្នាល និងកីឡាការិនី ពោលគណៈកម្មការរៀបចំការប្រកួតនឹងផ្គូរផ្គងគូថ្នាល និងគូកីឡាការិនីឲ្យបានច្រើនជាងឆ្នាំមុនៗ ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាល និងកីឡាការិនីគុនខ្មែរ។
អ្វីដែលពិសេស ឆ្នាំនេះ សហព័ន្ធនឹងរឹតបន្តឹងលើច្បាប់ និងបទបញ្ជាការប្រកួតឲ្យបានល្អជាងមុន ហើយសម្រាប់កីឡាករដែលអវត្តមានដោយគ្មានហេតុផលសមរម្យ ឬគ្រាន់តែឡើងមកសម្តែងបំភាន់ភ្នែកមហាជន នោះសហព័ន្ធនឹងចាត់វិធានការតាមភាពជាក់ស្តែងដោយគ្មានការយោគយល់ឡើយ។
សម្រាប់ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃជាប់គ្នា ពីថ្ងៃទី១៧ ដល់ ២០ ហើយជារៀងរាល់ថ្ងៃនឹងចាប់ផ្តើមប្រកួតពីវេលាម៉ោង ៦ល្ងាចតទៅ។ចំពោះទីតាំងប្រកួតវិញ សហព័ន្ធនឹងរៀបចំនៅលើដីឡូតិ៍ជិតច្រមុះជ្រូក រង្វង់មូលរូបសំណាកព្រះគោព្រះកែវ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សូមពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ អញ្ជើញចូលរួមទស្សនាការប្រកួតផ្ទាល់ឲ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករកីឡាការិនីគុនខ្មែររបស់យើង។ ហើយពេញមួយព្រឹត្តិការណ៍នេះបើកជូនពុកម៉ែបងប្អូនចូលរួមទស្សនាដោយសេរី!