ក្រុមម្ចាស់ការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ដណ្តើមបានកៅអីកំពូលតារាងខេមបូឌានព្រីមៀរលីគ (CPL) នៅសប្តាហ៍ទី២១ ដោយទម្លាក់គូប្រជែងភ្នំពេញក្រោនទៅលេខ២ និងនាំមុខ១ពិន្ទុវិញ។
ក្នុងជំនួបលីគកំពូលកម្ពុជា សប្តាហ៍ទី២១ ជុំទី២ នៅថ្ងៃទី៩ ខែកុម្ភៈ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះឡាយហ្វ ខេត្តព្រះសីហនុ ៣ទល់និង១ ដែលធ្វើនៅកីឡដ្ឋាន ឡាយហ្វ ក្នុងខេត្តព្រះសីហនុ។
ក្រោយជ័យជម្នះនេះ បានជួយក្រុមដែលមានលោក Josep Munoz ជាគ្រូបង្វឹកកើន ៤៩ពិន្ទុ ពីការប្រកួត១៩លើក ឡើងទៅឈរកំពូលតារាង CPL បណ្តោះអាសន្ន ដោយមានគម្លាតនាំមុខ១ពិន្ទុពីលើភ្នំពេញក្រោន។
ដោយឡែក ភ្នំពេញក្រោនបានធ្លាក់តំណែងកំពូលតារាងដែលខ្លួនកាន់កាប់តាំងពីសប្តាហ៍ទី៤មក ទៅលេខ២វិញ ដោយសារពួកគេប្រកួតស្មើអង្គរថាយហ្គឺរ ១ទល់និង១ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ក្នុងខេត្តសៀមរាប។ ក្រុមលោកគ្រូបង្វឹក Oleg មាន៤៨ពិន្ទុ ពីការប្រកួត១៩លើក នឹងក្លាយជាក្រុមត្រូវប្រដេញ គូប្រជែងស្វាយរៀងវិញ ក្នុងការប្រកួតជុំទី២នេះ។
ក្រុមណាហ្គាវើលដ៍ បានយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ២ទល់និង១ ឈរនៅលេខរៀងទី៥ មាន៣៣ពិន្ទុ ស្របពេលបឹងកេត លត់ អាយអេសអាយ ដង្កោសែនជ័យ ៨ទល់និង១ ដើម្បីបញ្ចប់ក្នុងតំបន់កំពូលតារាងទាំង៦ (Top6)។ ដង្កោសែនជ័យ នៅចំណាត់ថ្នាក់ទី៧ មាន២៤ អស់ឱកាសប្រជែង Top6 និងត្រូវបន្តប្រកួតក្នុងក្រុមចំណាត់ថ្នាក់ក្រោមគេទាំង៥ ។
ក្រុមកំពូលទាំង៦ ដែលត្រូវបន្តការប្រកួតក្នុងដំណាក់កាលទី២ មានព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និងបឹងកេត។ សម្រាប់ ក្រុមចំណាត់ក្រោមទាំង៥ មានដង្កោសែនជ័យ ទ័ព ឡាយហ្វ ក្រសួងមហាផ្ទៃ និងគីរវង់សុខសែនជ័យ ហើយ ការប្រកួតសប្ដាហ៍ទី២៣ នឹងបន្តពីថ្ងៃទី២២ និង ២៣ ខែកុម្ភៈ៕