ភ្នំពេញ៖
អគ្គិភ័យមួយ បានឆាបឆេះរោងស្នាក់នៅរបស់ជាងសំណង់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង១៩:៣០ នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេបានឃើញមានផ្សែងខ្មៅហ៊ុយចេញពីរោងស្នាក់នៅរបស់ជាងសំណង់ ភ្លាមៗ ក៏លេចចេញជាអណ្ដាតភ្លើងឆេះកាន់តែខ្លាំង ទើបបង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ទៅខាងជំនាញពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ជៀសវាងរាលដាលកាន់ខ្លាំងបន្តទៀត ។
ចំពោះសំភារៈខូចរួមមាន៖ សំភារៈប្រើប្រាស់របស់កម្មករសំណង់ សំលៀកបំពាក់ និងពូកគ្រែ ហើយ អគ្គិភ័យខាងលើនេះ មិនមានមនុស្សរងរបួសនោះទេ។
តាមការវិនិច្ឆ័យរបស់ការិយាល័យបង្កាពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គិភ័យខាងលើ បណ្តាលមកពី ( ឆ្លងចរន្តអគ្គីសន្នី ) បានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ២០:៣០ នាទី ថ្ងៃខែឆ្នាំ ដដែល ៕