កណ្ដាល៖ 

សមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចនិងប្រើប្រាស់គ្រឿងញៀនជាប្រចាំ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ សម្បត្តិ សុភាព ស្ថិតនៅក្នុង ភូមិ តាពេជ ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ និច ណាក់  ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តាពេជ ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។  -មានសារធាតុញៀនក្នុងទឹកនោម(+) និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លើក រយៈពេល០១ឆ្នាំ ពីបទ:អំពើលួច និង ប្រើប្រាស់គ្រឿងញៀន។

ចំពោះវត្ថុតាង ដែលចាប់យក៖

១-កាំបិតចំនួន០១ដើមផ្លែដែក ដងធ្វើអំពីឬស្សី។

២- ស្រោមកាំបិតពណ៌ខ្មៅចំនួន០១(ជារបស់ជនសង្ស័យ)

បើតាមសមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងជាប្រចាំហើយតែងតែលួចរបស់របររបស់ប្រជាពលរដ្ឋនៅក្នុងភូមិជាញឹកញាប់។

នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះកំពុងតែដេកនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែពេលនោះ ជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបង ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះដើម្បីចូលទៅលួចរបស់របរនិងទ្រព្យសម្បត្តិ។ ខណៈពេលនោះជនរងគ្រោះបានឃើញជនសង្ស័យរួចក៏បានតេទូរស័ព្ទរាយការណ៍មក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានផ្លោះរបងចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ គោលបំណងលួចរបស់របរនិងទ្រព្យសម្បត្តិពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់៕