ភ្នំពេញ ៖
ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន រួចវាយទាត់ធាក់ទ្រមខ្លួន ក្រោយពីរូបគេ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៤ ទៅធ្វើសកម្មភាពម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ ដែលម្ចាស់ទុកនៅក្នុងផ្សារចូលទៅទិញត្រី ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្សារកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនោះឈ្មោះចាន់ លី អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះគា សារុំភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់បាយម្ហូប ស្នាក់នៅផ្ទះជួលឡឥដ្ឋភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋ បាននិយាយថា ជននេះ គឺជាមុខសញ្ញាចាស់ជំនាញខាងលួចម៉ូតូ ដែលបានធ្វើសកម្មភាពលួចនៅចំណុចខាងលើអស់ជាច្រើនគ្រឿងមកហើយ នៅជាប់ខ្លួនមានដងឧបករណ៍កាច់សោម៉ូតូ១ រីឯផ្លែកាច់ជ្រុះបាត់រកមិនឃើញឡើយ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1H-4596 ទៅទុកនៅតាមផ្លូវក្នុងផ្សារកាណាឌីយ៉ា រួចដើរចូលទៅទិញត្រីនៅក្នុងផ្សារ ដើម្បីយកទៅធ្វើម្ហូបលក់ ។
ប្រជាពលរដ្ឋ បាននិយាយទៀតថាស្រាប់តែពេលនោះ គេឃើញជនសង្ស័យឈ្មោះ ចាន់ លី ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KN-3992 ទៅឈប់នៅជិតនោះដែរ ហើយទុកម៉ូតូរបស់ខ្លួនចោល រួចធ្វើសកម្មភាពកាច់ម៉ូតូជនរងគ្រោះ ប្រុងជិះគេចខ្លួន ។ ពេលនោះ ពួកគាត់ស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយជនសង្ស័យផ្ដួលម៉ូតូរត់គេចខ្លួន ប៉ុន្តែរត់មិនរួច ក៏ត្រូវពួកគាត់ចាប់បានភ្លាមៗ ហើយខឹងពេក បាននាំគ្នាវាយទាត់ធាក់រហូតទ្រមខ្លួន រួចទើបប្រគល់ជននោះ ទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ ចាត់ការតាមច្បាប់ ។
ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនោះមែន ដោយនៅមុនពេលកើតហេតុ ខ្លួន បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២៤របស់ខ្លួនទៅឈប់នៅចំណុចកើតហេតុ រួចបិទកុងតាក់សម្ងាត់មិនដេរឆេះ ។ បន្ទាប់មកបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ដោយគិតថាពេលលួចបានជិះយកទៅទុកនៅកន្លែងផ្ញើរម៉ូតូ រួចជិះម៉ូតូឌុបទៅយកម៉ូតូរបស់ខ្លួនទៅទុកនៅផ្ទះ បន្ទាប់មក ទើបជិះម៉ូតូឌុបចេញពីផ្ទះទៅយកម៉ូតូដែលលួចបាននៅកន្លែងផ្ញើរ យកទៅលក់ ប៉ុន្តែទើបតែលួចបានប្រុងជិះគេចខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនតែម្ដង ៕