អ៊ីស្រាអែលបានបញ្ជាឲ្យយោធាត្រៀមខ្លួនរៀបចំសម្រាប់ "សេណារីយ៉ូណាមួយដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សា" បន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសកាលពីថ្ងៃចន្ទ ទី10 ខែកុម្ភៈថា ការប្រគល់ចំណាប់ខ្មាំងដែលបានគ្រោងទុក នឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ បានបរិហារការប្រកាសរបស់ក្រុមហាម៉ាស ថាជា "ការរំលោភទាំងស្រុងលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង"។ លោក ខាត់ បានបន្តថា លោកបានបញ្ជាឲ្យកងកម្លាំងការពារអ៊ីស្រាអែល "រៀបចំត្រៀមក្នុងកម្រិតខ្ពស់បំផុត សម្រាប់សេណារីយ៉ូណាមួយដែលអាចកើតមាន ដើម្បីការពារសហគមន៍នៅជិតតំបន់ និងជុំវិញ"។ គួរបញ្ជាក់ផងដែរថា ក្រោមបទឈប់បាញ់បច្ចុប្បន្ន ដែលបានចូលជាធរមានកាលពីថ្ងៃទី 19 ខែមករា ចំណាប់ខ្មាំងចំនួន 21 នាក់ ដែលមានជនជាតិអ៊ីស្រាអែល 16 នាក់ និងជនជាតិថៃ 5 នាក់ ត្រូវបានដោះលែងពីតំបន់ហ្គាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែល ខណៈដែលក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងដែលមានរយៈពេល 6 សប្តាហ៍នេះ ចំណាប់ខ្មាំងអ៊ីស្រាអែល 33 នាក់ និងអ្នកទោសប៉ាឡេស្ទីនប្រមាណ 2000 នាក់ ត្រូវបានរំពឹងថា នឹងត្រូវបានដោះលែង។