គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីក្នុងឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រនៃកីឡាកម្ពុជា ដែលមានអត្តពលិកចូលរួមការប្រកួតកីឡារដូវរងាអាស៊ី។នេះជាមោទកភាពមួយដែលកម្ពុជាយើង ជាកំណត់ត្រាលើកទី១ក្នុងប្រវត្តិសាស្ត្រដែលបានចូលរួមការប្រកួតកីឡាអាស៊ីរដូវរងា។ នេះជាគោលនយោបាយ និងចក្ខុវិស័យរបស់អូឡាំពិកអន្តរជាតិ ដែលឱ្យប្រទេសក្ដៅ និងមិនមានខែត្រជាក់ មិនមានទឹកកក ជំរុញឱ្យមានការប្រកួតកីឡារដូវរងានេះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន តែធ្វើម៉េចកុំឱ្យអត់ចូលរួមប្រកួត ត្រូវតែមានការចូលរួមប្រកួត។ការជំរុញនេះសម្រេចបានជោគជ័យក្នុងឆ្នាំ២០២៥ ដោយយើងទទួលបានអាហារូបករណ៍ហ្វឹកហាត់នៅកូរ៉េខាចងត្បូង តាមរយៈកម្មវិធី Dream Program ដែលក្រុងព្យុងឆាងរបស់កូរ៉េខាងត្បូង បានជួយបង្ហាត់ បង្វឹកកីឡាករ កីឡាការិនីយើងឱ្យបានចូលរួមការប្រកួតនេះ។ ដូច្នេះសូមការគាំទ្រ និងសូមការផ្ដល់កម្លាំងចិត្តដល់ពួកគាត់ក្នុងការប្រកួតនេះ ដែលជាប្រវត្តិសាស្ត្រសម្រាប់យើង។ ចាប់ពីឆ្នាំ២០២៥តទៅ កម្ពុជានឹងចាប់ផ្ដើមចូលរួមការប្រកួតកីឡារដូវរងាហើយ។
សម្រាប់ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួម គឺ កីឡារំឣិលលើទឹកកក ដោយមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ៩រូប។គួរដឹងដែរថា ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ី ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៦ នៅក្រុង Sapporo ប្រទេសជប៉ុន នឹងប្រព្រឹត្តទៅរៀងរាល់៤ឆ្នាំម្ដង។ សម្រាប់ឆ្នាំ២០២៥ នេះ គឺជាលើកទី៩ហើយ និងមានការចូលរួមអត្តពលិកមកពី ៣៤ប្រទេស ប្រកួតប្រជែងលើ ១១ប្រភេទកីឡា ចែកចេញជា ៦៤វិញ្ញាសា៕