ភ្នំពេញ ៖
ជនសង្ស័យម្នាក់ជិះម៉ូតូ កាន់កាំបិតបុ័ងតោចូលទៅកាប់នារីជាសង្សានៅក្នុងហាងចរណៃ ខណៈនារីជាសង្សា កំពុងតែធ្វើការបង្កឲ្យមានការភិតភ័យដល់ភ្ញៀវនិងបុគ្គលិករួមនិងថៅកែ ហើយ ជនសង្ស័យ បានជិះម៉ូតូមកលើស្ពានព្រែកសំរោងលោតទឹកដើម្បីបញ្ចប់ជិវិតខ្លួនឯង តែមិនស្លាប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។
សមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះខាងលើ មានឈ្មោះ វែង ស្រីឡែន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងចរណៃ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះ ភ័ក្រ្ត សុវណ្ណារ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖កាលពីអំឡុងឆ្នាំ២០២៣ ជនរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាគ្នា។ បន្ទាប់មក ជនសង្ស័យក៏ឲ្យជនរងគ្រោះទៅរស់នៅជាមួយគ្នានៅផ្ទះជនសង្ស័យ តែជនរងគ្រោះពុំព្រម ហើយក៏មានទំនាស់ ពាក្យសម្តីគ្នា។ ពេលនោះជនសង្ស័យគំរាមជនរងគ្រោះថា បើចង់បែកពីខ្ញុំមានអ្នកថ្មី ខ្ញុំនឹងកាប់សម្លាប់ចោល។ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១និង០០នាទីរសៀល ជនរងគ្រោះកំពុងធ្វើការនៅហាងចរណៃ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្បាលជ្រោយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនសង្ស័យ បានទាក់ទងទូរស័ព្ទមកជនរងគ្រោះ ២ដង តែជនរងគ្រោះមិនលើកនិយាយ ធ្វើឲ្យជនសង្ស័យខឹង ក៏ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HR-3210 មកឈប់មុខហាងចរណៃ ចាប់ទាញជនរងគ្រោះមកក្រៅ រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំក្បាល និងកាប់ជើងឆ្វេងដាច់ឆ្អឹង (របួសធ្ងន់) រួចជិះម៉ូតូគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ។
លុះដល់ម៉ោង១៥និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១, ម៉ូតូ ០១គ្រឿង (របស់ជនសង្ស័យ) បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ សាកសួរនិងចាត់ការបន្តតាមនិតិវិធី៕