ភ្នំពេញ៖
សន្តិសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ប្រគល់ឲ្យនគរបាលកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ២០២៥ ខណៈជនសង្ស័យផ្លោះរបងចូលលួចសម្ភារៈសំណង់ក្នុងឃ្លាំងដាក់គ្រឿងសំណង់បុរី «លឹម ឈាងហាក់» ស្ថិតនៅតាមផ្លូវលេខ០៩ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះទី១,ឈ្មោះ បារាំង សុខលី អាយុ២៣ឆ្នាំ ទី២,ឈ្មោះ អឿន ប៊ុនថេង អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សន្តិសុខដកហូត បានសោលេខ១២ ចំនួន០១ដើម,សោលេខ១០ ចំនួន០១ដើម ទួនណាវីស ចំនួន០២ដើម និងដង្កាប់ ០១ដើម ។
អ្នកដាក់ពាក្យបណ្ដឹងឈ្មោះ មាន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខមើលការខុសត្រូវឃ្លាំងសម្ភារៈនោះ ស្នាក់នៅរោងកម្មករ ស្ថិតនៅផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថានៅវេលាកើតហេតុ ជនសង្ស័យទាំង២នាក់ បាននាំគ្នាទៅលួចសម្ភារៈសំណង់នៅក្នុងឃ្លាំងនោះ ដោយជនសង្ស័យឈ្មោះ បារាំង សុខលី ជាអ្នកផ្លោះរបងចូទៅលួច ប៉ុន្តែត្រូវបានសន្តិសុខឈ្មោះ មាន សម្បត្តិ ឃើញ ក៏បានរត់ទៅឃាត់ខ្លួន។ ពេលនោះ ត្រូវបានជនសង្ស័យឈ្មោះ បារាំង សុខលី ប្រវាយប្រតប់ជាមួយ រួចផ្លោះរបងចេញទៅក្រៅវិញ ហើយ បាននាំគ្នារត់គេចខ្លួនជាមួយបក្សពួកម្នាក់ទៀតឈ្មោះ អឿន ប៊ុនថេង ដែលកំពុងចាំនៅខាងក្រៅរបង។
ប្រភពដែល បានប្រាប់បន្តទៀតថា ពេលនោះសន្តិសុខខាងលើ ក៏បានប្រកាសតាមវិទ្យុទាក់ទង ហៅគ្នីគ្នា ឲ្យមកជួយ ទើបឃាត់បានទាំង២នាក់ បន្ទាបមក ទូរស័ព្ទរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ដង្កោ ឲ្យទៅជួយអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។ ពេលនោះ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិ តជាបានផ្លោះចូលទៅលួចសម្ភារៈនៅក្នុងឃ្លាំងខាងលើមែន
ហើយកន្លងមក ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពផ្លោះរបងចូលលួចសម្ភារៈគ្រឿងសំណង់ ក្នុងឃ្លាំងនោះបានសម្រេចម្ដងរួចមកហើយដែរ ៕