ភ្នំពេញ៖ 

មន្រ្តីអង្គរក្សម្នាក់ បានកាប់ប្រពន្ធរបស់ខ្លួនជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ព្រោះភ្លើងប្រច័ណ្ឌនិងទំនាស់រឿងលុយកាក់ រួចគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។

ឃាតករជាប្ដីឈ្មោះ ឈឹម បញ្ញាពិទូរ្យ អាយុ៤៣ឆ្នាំ មុខរបរកងអង្គរក្ស មានទីលំនៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដោយឡែក ជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ុង ស្រីនាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុ ហើយអ្នកទាំង២មានកូនប្រុស២នាក់ និងកូនស្រី១នាក់ ។ 

សមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះ ត្រូវប្ដីកាប់ជាច្រើនកាំបិត ចំខាងក្រោមត្រចៀកខាងស្តាំ០២កន្លែង, លើថ្ងាស់០១កន្លែង, លើក្បាលផ្នែកខាងឆ្វេង០២កន្លែង និងចាក់កញ្ចឹងកខាងឆ្វេង០១កន្លែង ។ សាកសព ត្រូវបាននាំយកទៅតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាផ្ទះឪពុកបង្កើត) ។ 

សមត្ថកិច្ច បានឲ្យដឹងទៀតថា កន្លងមក ប្ដីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដែលផ្ដើមចេញពីភ្លើងប្រច័ណ្ឌ និងទំនាស់គ្នារឿងបញ្ហាលុយកាក់ ក្នុងការរកស៊ីពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់ ។ ដោយឡែកនៅវេលាយប់រំលងអធ្រាត្រថ្ងៃកើតហេតុខាងលើ អ្នកទាំង២បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេកម្ដងទៀត ហើយ ប្ដី ក៏បានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត រួចគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្ដង ៕