បាត់ដំបង ៖ 

អគ្គិភ័យ បានឆាបឆេះកញ្ជ្រាំងក្នុងស្រែ០២កន្លែងជិត១០០ហិចតា បង្កការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរៈសេនីយ៍ទោ ឈឿង គឹមសាន អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើ បណ្តាលអោយឆាបឆេះកញ្រ្ជាំងក្នុងស្រែចំនួន០២កន្លែង ស្មើនឹងផ្ទៃដីជិត១០០ហិចតា  ដែលក្នុងនោះមាន ចំណុចភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ មួយកន្លែងទំហំដីស្រែប្រមាណ ៦០ហិចតា និងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ មួយកន្លែងទំហំដីស្រែប្រមាណ ៣០ហិចតា ។

លោកបានបញ្ជាក់ថា ជាមួយអគ្គិភ័យកើតឡើងនេះដែរ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ បានចាត់អោយលោកដឹកនាំ កម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណ: កម្លាំងអន្តរាគមន៍ និងកម្លាំងប្រជាការពារ ចុះសហការជាមួយប្រជាពលរដ្ឋ និងបាននាំយករថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងដើម្បីចុះអន្តរាគមន៍ពន្លត់ ប៉ុន្តែមិនបានប្រើប្រាស់ទឹកនោះទេដោយផ្លូវតូចចង្អៀតរថយន្ត ពុំអាចចូលបាន ដោយប្រើប្រាស់មែកឈើវាយពន្លត់វិញ៕