សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួនមានបុព្ធសិទ្ធិ និងស្វ័យភាពពេញលេញ ក្នុងការផ្សព្វផ្សាយ និងរៀបចំរាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរគ្រប់ទម្រង់ ទាំងក្នុង និងក្រៅប្រទេស ដោយមិនអនុញ្ញាតឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិមកជ្រៀតជ្រែកជាដាច់ខាត។

សហព័ន្ធប្រដាល់គុនខ្មែរ ដែលមានឯកឧត្តម ខូវ ឆាយ ជាប្រធានបានប្រកាសថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជម្រាបជូនសាធារណជនជាតិ-អន្តរជាតិមេត្តាជ្រាបថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាសហព័ន្ធកីឡាជាតិដែលមានប្រវត្តិ និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨០ ហើយបាននិងកំពុង.   ដំណើរការអនុវត្តការងារសកម្មភាព ឈរលើបេសកកម្មរបស់ខ្លួនអស់រយៈពេល ៨អាណត្តិមកហើយ។ រហូតមកទល់បច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី-ខេត្តជា សមាជិកចំណុះចំនួន២៣ និងក្លឹបចំណុះឱ្យសមាគម ចំនួន១៤៤ក្លឹប។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ក្នុងខ្លឹមសារទៀតថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនស្ថិតនៅក្រោមសហព័ន្ធគុនខ្មែរអន្តរជាតិឡើយ ហើយសហព័ន្ធមិនដែលបានធ្វើលិខិតជាលាយល័ក្ខអក្សរស្នើសុំចូលជាសមាជិកសហព័ន្ធគុនខ្មែរអន្តរជាតិម្តងណាឡើយ។

យោងប្រការ៦ ជំពូកទី៣ នៃលក្ខន្តិកៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចែងយ៉ាងច្បាស់អំពីបេសកកម្ម របស់សហព័ន្ធ មានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកនាំ «គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក» ដែលត្រូវបានអនុម័តដោយអង្គមហាសន្និបាត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបានសបញ្ជាក់ឱ្យឃើញថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានបុព្វសិទ្ធិ និងស្វ័យភាពពេញលេញ ក្នុងការផ្សព្វផ្សាយ និងរៀបចំរាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរ គ្រប់ទម្រង់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមិនអនុញ្ញាតឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិមកជ្រៀតជ្រែកជាដាច់ខាត។ជាថ្មីម្តងទៀត សេចក្តីប្រកាសព័ត៌មានេះ បញ្ជាក់ទៀតថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិមេត្តាជ្រាបថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនមែនជាសមាជិកសហព័ន្ធគុនខ្មែរអន្តរជាតិនោះទេ។ រាល់សេចក្តីសម្រេច ឬការចាត់តាំងណាមួយ ដែលចេញដោយសហព័ន្ធគុនខ្មែរអន្តរជាតិ គឺមិនមានអនុភាពអនុវត្តលើសមាគម និងក្លឹប ដែលជាសមាជិករបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៃព្រះរាជាណាចក្រកម្ពុជាឡើយ៕