បន្ទាប់ពីដំណើរការរៀបចំក្រុម និងបង្កើតបានរចនាសម្ព័ន្ធត្រឹមត្រូវមួយ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាប្រធានកិត្តិយស ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានប្រកាសសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
យ៉ាងណាមិញ លោក គុជ ឆៃយ៉ា ប្រធានគ្រប់គ្រងទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានបញ្ជាក់យ៉ាងលម្អិតថានៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនេះ ព្រឹត្តការណ៍បរិច្ចាគឈាម ១០០០សាក់ គ្រោងនឹងចាប់ផ្ដើមពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ល្ងាច នៅកីឡដ្ឋានស្តាតចាស់ ហើយនៅវេលាម៉ោង ៦ល្ងាចតទៅនឹងមានការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជាមួយក្រុមបាល់ទាត់ប្រដាល់គុនខ្មែរ ដើម្បីជាចលនាបំផុសស្មារតី ក្នុងការចូលរួមបរិច្ចាគឈាមជួយជីវិតមនុស្សផងដែរ។
ចំពោះការរៀបចំការប្រកួតកីឡាបាល់ទាត់នេះត្រូវបានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ដល់វិស័យកីឡាកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុល និងរីកចម្រើន ក៏ដូចជាក្នុងន័យចូលរួមបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ និងកីឡាករបានយល់ដឹង ក្នុងការចូលរួមផ្តល់ឈាមឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈតម្រូវការឈាមកាន់តែកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ គោលគំនិតនៃការរៀបចំការប្រកួតកីឡាបាល់ទាត់ និងរួមគ្នាបរិច្ចាគឈាមនេះត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងម្ចាស់ឧបត្ថម រៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំមួយ ក្នុងយុទ្ធនាការ ១,០០០សាក់ នៅថ្ងៃអង្គារិ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ចាប់ពីវេលាម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥ល្ងាច។ ពុកម៉ែបងប្អូនដែលចូលរួមនឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន។
បន្ទាប់ពីបញ្ចប់កម្មវិធីបរិច្ចាគ នៅវេលាម៉ោង ៦ល្ងាចនឹងមានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមពិធីករកីឡាកម្ពុជា និងក្រុមគុនខ្មែរនៅទីលានបាល់ទាត់ស្តាតចាស់ផ្ទាល់តែម្តង ហើយពុកម៉ែបងប្អូនអាចបន្តទស្សនាការប្រកួតបានដោយសេរី។
ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏នឹងផ្តល់កិត្តិយសចូលរួមកែបាល់ និងទស្សនាការប្រកួតដើម្បីផ្តល់កម្លាំងកម្លាំងចិត្តដល់ក្រុមកីឡាករផងដែរ៕