បើនិយាយពីតារាចម្រៀងស្រីដែលមានទឹកដមសំនៀងផ្អែមពីរោះរណ្តំចិត្តប្រិយមិត្តអ្នកស្តាប់មកព្រមជាមួយរូបសម្រស់ដ៏ទាក់ទាញ ច្បាស់ណាស់ថា អ្នកនាង សុខ ស្រីនាង គឺជាតារាចម្រៀងស្រីម្នាក់ ដែលស្ថិតនៅក្នុងចំណោមតារាចម្រៀងស្រីផ្សេងទៀត ដោយបានមកព្រមដូចតាមការរៀបរាប់នៅខាងលើនេះអ៊ីចឹងដែរ។ មិនត្រឹមតែមានទឹកដមសំនៀផ្អែម និងរូបសម្រស់ដ៏ស្រស់សោភាប៉ុណ្ណោះទេ បើនិយាយពីអត្តចរិតរបស់តារាចម្រៀងស្រីរូបនេះវិញឃើញថា ក៏មានភាពស្រគត់ស្រគំ និងមិនស៊ិចស៊ីហួសព្រំដែនដែលធ្វើឱ្យរង្កៀសចិត្តអ្នកគាំទ្ររបស់ខ្លួននោះឡើយ។ ទន្ទឹមនឹងការកំពុងមានភាពមមាញឹកនៅក្នុងវិស័យសិល្បៈ នៅសុខៗស្រាប់តែ អ្នកនាង សុខ ស្រីនាង បានបាត់មុខពីវិស័យសិល្បៈស្ទើរតែទាំងស្រុង ដោយមិនបានបង្ហាញសកម្មភាពតាមរយៈបទចម្រៀងថ្មីៗ ឬនៅតាមកម្មវិធីនានាដូចកាលគ្រាមុននោះទេ។ មិនត្រឹមតែបាត់មុខពីវិស័យតន្ត្រីប៉ុណ្ណោះទេ បើក្រឡេកទៅមើលបណ្តាញសង្គមរបស់តារាចម្រៀងស្រីដែលជាម្ចាស់បទ “កូនប្រសារស្រី” រូបនេះវិញ ក៏មានសភាពស្ងប់ស្ងាត់មិនសូវមានសកម្មភាពអ្វីថ្មីៗបង្ហោះជូនអ្នកគាំទ្ររបស់ខ្លួនបានឃើញដូចគ្នាដែរ។ ដោយឡែកកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ស្រាប់តែ អ្នកនាង សុខ ស្រីនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ដែលរូបភាពនោះត្រូវបានគេដឹងថា ជាការចូលរួមនៅក្នុងកម្មវិធីមង្គលការមួយ។
យ៉ាងណាមិញក្រោយពេលរូបភាពទាំងនោះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមរួចមក មានមហាជនជាច្រើនបានបង្ហាញក្តីនឹករលឹកទៅកាន់តារាស្រីរូបនេះជាខ្លាំង ថែមទាំងបានទទូចចង់ឱ្យតារាស្រីរូបនេះវិលត្រលប់មកកាន់វិស័យសិល្បៈវិញផងដែរ៕