កម្លាំងសមត្ថកិច្ចបង្ក្រាបទឹកឃ្មុំក្លែងក្លាយជិត២០តោន ដែលគ្មានប្រភពច្បាស់លាស់នៅ ខណ្ឌច្បារអំពៅ, ម្ចាស់ទីតាំងជនជាតិវៀតណាមត្រូវបានឃាត់ខ្លួន

National • February 14, 2025
 កម្លាំងសមត្ថកិច្ចបង្ក្រាបទឹកឃ្មុំក្លែងក្លាយជិត២០តោន ដែលគ្មានប្រភពច្បាស់លាស់នៅ ខណ្ឌច្បារអំពៅ, ម្ចាស់ទីតាំងជនជាតិវៀតណាមត្រូវបានឃាត់ខ្លួន

ភ្នំពេញ ៖ 

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយមន្ដ្រីសាខា ក.ប.ប រាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD (ចាន់ ហាន់នី អ៊ីមផត អ៊ិចផត ខូ អិលធីឌី) ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុក ទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។

ក្នុងការត្រួតពិនិត្យជាក់ស្តែង ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញទឹកឃ្មុំសរុប ចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ (១ម៉ឺន៩ពាន់ ៨រយ៩០) គីឡូក្រាម ។

ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់ អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ច ធ្វើការដកហូតជាបណ្តោះអាសន្នដោយរក្សា ទុកនៅក្នុងទីតាំងក្រុមហ៊ុន រួចធ្វើការបិទផ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួន ម្ចាស់ទីតាំងជនជាតិវៀតណាម និងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕






x Enlarged Image