កណ្តាល៖
ជាករណីដ៏កម្រ ដែលជនសង្ស័យជាលោកតាអាចារ្យ ប្រែក្លាយគុំនុំគុំគួន ឈានទៅប្រើអំពើហិង្សាកាប់ប្រហារប៉ុនប៉ងមនុស្សឃាត ទៅលើគូទំនាស់ ដែលហេតុការណ៍ដ៏សាហាវខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចលើអង្រឹង ក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកវរៈសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានឈ្មោះ ស កែវ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ រងរបួសធ្ងន់។ ចំនែកជនសង្ស័យមានឈ្មោះ ម៉ា ដុស ភេទប្រុស អាយុ៨៨ឆ្នាំ ជនជាតិខ្មែរមុខរបរ អាចារ្យវត្ត និងមានទីលំនៅក្បែរផ្ទះគ្នា ជាមួយជនរងគ្រោះដែរ ។
លោកអធិការ បានប្រាប់យ៉ាងលម្អឹតថា÷កាលពីអំទ្បុងឆ្នាំ២០២៣ ជនរងគ្រោះនិងប្រពន្ធរបស់ជនសង្ស័យជាលោកតាអាចារ្យវត្តខាងលើ បានទៅវាស់បោះបង្គោលព្រំដីស្រែ ដែលមានព្រំដីជាប់គ្នា ហើយ ដីរបស់ជនសង្ស័យ បាត់អស់ចំនួន០៣តឹក ពេលនោះ ជនសង្ស័យ ក៏ចាប់ផ្ដើមខឹងគុំគួនចំពោះជនរងគ្រោះនិងប្រចណ្ឌ័ខឹងរករឿងប្រពន្ធរបស់ខ្លួនថា បានសាហាយស្មន់ជាមួយជនរងគ្រោះ ចាប់តាំងពីពេលនោះមក។ ដោយជនសង្ស័យតែងតែជេរដៀមដាមប្រពន្ធ រឿងលួចលាក់សាហាយស្មន់ជាមួយជនរងគ្រោះ តែជនរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យ ពុំមានទំនាក់ទំនងសាហាយស្មន់ជាមួយគ្នានោះទេ។
ស្រាប់តែនៅថ្ងៃកើតហេតុ វេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥ ពេល ជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះរបស់ខ្លួនតែម្នាក់ឯង ជនសង្ស័យឃើញ ឱកាសល្អ ក៏យកកាំបិតខ្វែវរបស់ខ្លួនដែលទុកនៅក្នុងរោងខាងមុខផ្ទះ ទៅធ្វើសកម្មភាពលបកាប់ទៅលើជនរងគ្រោះកំពុងដេកលើអង្រឹងចំនួន០១កាំបិតចំទ្រូង ហើយ ជនរងគ្រោះក៏បានរត់ចុះពីលើអង្រឹងទៅមុខផ្ទះ រួចជនសង្ស័យ បានរត់ដេញតាមកាប់ជនរងគ្រោះ០១កាំបិតទៀតពីក្រោយ ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្ដាលឲ្យជនរងគ្រោះដួលនៅមុខផ្ទះ។
ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ ហើយ ក៏ត្រូវជនសង្ស័យកាប់ទៅលើជនរងគ្រោះចំនួន០២កាំបិតបន្ថែមទៀតត្រូវចំស្មាចំនួន០១កន្លែង និងត្រូវចំក្រោមកញ្ចឹងក ចំនួន០១កន្លែងហូរឈាមស្រោចពេញខ្លួន រងរបួសធ្ងន់។ បន្ទាប់មក ក៏ត្រូវបានអ្នករស់នៅក្បែរខាង បានស្រែកឆោឡោនាំគ្នាជួយ ពេលនោះ ជនសង្ស័យក៏បានដើរមកផ្ទះរបស់ខ្លួនយកកាំបិតទៅទុកនៅក្រោមផ្ទះ។ ក្នុងពេលនោះដែរ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអំពារ ក៏បានមកដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងយកមកប៉ុស្តិ៍តែម្ដង ចំណែកជនរងគ្រោះដោយរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្កោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។
ក្រោយពីធ្វើការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកងមែន។
បច្ចុប្បន្ន លោកតាអាចារ្យដែលជាជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បី កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕