ភ្នំពេញ ៖
ក្លិបកំសាន្តរាត្រីយីហោ«មីតណាយព្រីមៀរក្លិប»ស្ថិតនៅតាមផ្លូវ៥០ម៉ែត្រជិតស្តុបឫស្សីផ្អែម ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ដាលឲ្យបុគ្គលិកបម្រើការងារនៅក្នុងនោះ ចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិតនិងចំនួន៥នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយ កំពុងត្រូវបានសង្រ្គោះបន្ទាន់នៅនៅមន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យរស្ស៊ី ។
សមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះដែលស្លាប់និងរងរបួសនោះ ធ្វើការពេលយប់និងដេកនៅពេលថ្ងៃ ហើយពួកគេមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកក្លិបកំសាន្ត «មីតណាយព្រីមៀរក្លិប» នេះ បានបើកដំណើរការតែពេលយប់ប៉ុណ្ណោះ ។ នៅព្រឹកថ្ងៃកើតហេតុ មានបុគ្គលិកច្រើននាក់ ក្នុងនោះ មានជនរងគ្រោះទាំង១០នាក់ខាងលើផង ដេកសម្រាកនៅក្នុងបន្ទប់ផ្នែកខាងក្រោយនៃក្លិប ហើយពេលកំពុងដេកលង់លក់ ស្រាប់តែមានភ្លើងឆាបឆេះនៅផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅតែម្ដង ។
ប្រភពដដែល បានបន្តទៀតថាខណៈនោះ បណ្ដាលឲ្យបាក់ដំបូលក្លិប បិទជិតច្រកចេញ ទើបធ្វើឲ្យជនរងគ្រោះរកច្រកចេញអត់ឃើញ រហូតស្លាប់និងរងរបួសក្នុងភ្នក់ភ្លើង។ ភ្លាមៗនោះសមត្ថកិច្ច បានចេញអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់ រហូតដល់វេលាម៉ោង ១១និង៤៦នាទី រសៀលថ្ងៃខែឆ្នាំដដែល ទើបរលត់ទៅវិញទាំងស្រុង ។ ពេលនោះ សមត្ថកិច្ច បានរកឃើញជនរងគ្រោះចំនួន១០នាក់ ហើយមាន៣នាក់ បានស្លាប់នៅនិងកន្លែង និង៧នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ២នាក់ទៀត ដូច្នេះសរុបមកស្លាប់៥នាក់និងរបួសធ្ងន់៥នាក់ ។
សមត្ថកិច្ចខាងលើ បានឲ្យដឹងបន្តថាគេនៅពុំទាន់ដឹងថាគ្រោះអគ្គិភ័យនេះបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ហើយពេលនេះមន្រ្តីជំនាញកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតរកមូលហេតុនេះហើយ។ ហើយនៅព្រឹកនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំក្រុមការងារចុះទៅកាន់កន្លែងកើតហេតុពិនិត្យមើលស្ថានការណ៍ជាក់ស្ដែងដោយផ្ទាល់ផងដែរ ៕