ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញក្តីរំពឹងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលរៀបចំឡើងនៅសួនច្បារមុខវត្តបទុមវតី ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥នឹងមានការចូលរួមរត់របស់កីឡាករ កីឡាការិនីកើនឡើង ជាង ៣០០០នាក់។

នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃពុធ ម្សិលមិញនេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានគូសបញ្ជាក់ថា ពេលនេះ គណៈកម្មការរៀបចំបានទទួលការចុះឈ្មោះរបស់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិបានប្រមាណ ២០០០នាក់ហើយៗទម្រាំដល់ថ្ងៃបិទបញ្ជីចុះឈ្មោះនឹងអាចស្រូបទាញអ្នកចុះឈ្មោះបានប្រមាណ ៣០០០នាក់ ឬច្រើនជាងនេះ ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ៨មីនា នៅរាជធានីភ្នំពេញនេះកាន់តែទទួលបានចំនួនអ្នកចូលរួមកើនឡើងជាលំដាប់ ដោយសារតែទិវារត់ប្រណាំងមួយនេះមិនស្វែងរកប្រាក់ចំណេញនោះទេ ពោលគឺមានបំណងសំខាន់ៗ ក្នុងការលើកកម្ពស់ដល់សុខភាពរបស់ប្រជាពលរដ្ឋ បញ្ជ្រាបការអប់រំផ្សព្វផ្សាយឱ្យមហាជនចូលរួមលេងកីឡាដើម្បីសុខភាព ហើយស្វែងរកថវិកាជួយឧបត្ថម្ភគាំទ្រដល់កិច្ចការសប្បុរសធម៌។ 

ព្រឹត្តិការណ៍នេះទទួលបានដៃគូឧបត្ថម្ភគាំទ្រធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ ចាប់តាំងពីឆ្នាំ២០២០មកម្លេះ៕អគ្គលេខាធិការ NOCC បន្ថែមថា ការខិតខំប្រឹងប្រែងរៀបចំទិវារត់ប្រណាំងនេះ គឺគ្មានអ្វីក្រៅពីជួយសង្គមជាតិ លើកកម្ពស់ស្ត្រី និងជួយស្ត្រីឱ្យមានគុណភាពជីវិតកាន់តែប្រសើរ។ សកម្មភាពកីឡា ជាពិសេសការរត់ប្រណាំង នឹងជួយដល់សមត្ថភាព និងគុណភាពបេះដូងមានសុខភាពល្អផងដែរ។

មកទល់ពេលនេះ គណៈកម្មការរៀបចំទទួលបានអ្នកចុះឈ្មោះចូលរួមរត់ប្រណាំង ស្ត្រី ១០គីឡូម៉ែត្រ ប្រមាណជាង ២ពាន់នាក់ហើយ។ នេះក៏ជាលើកទី៤ហើយ បើគិតពីឆ្នាំ ២០២០មក ដែល NOCC សហការជាមួយដៃគូឧបត្ថម្ភ ដើម្បីរៀបពិធីរត់ប្រណាំ នៅថ្ងៃទិវាអន្តរជាតិនារី ៨មីនា។

ក្នុងឆ្នាំ ២០២០ NOCC ទទួលបានអ្នកចូលរួមជាង ២ពាន់នាក់។ ឆ្នាំ ២០២៣ ទទួលបានអ្នកចុះឈ្មោះជិត ២ពាន់នាក់ និងឆ្នាំ ២០២៤ មានអ្នកចូលរួមកើនឡើងដល់ជាង ៣ពាន់នាក់។ នៅឆ្នាំ ២០២៥នេះ អ្នករៀបចំរំពឹងថានឹងមានអ្នកចុះឈ្មោះចូលរួមរត់លើសពីឆ្នាំ ២០២៤ ដើម្បីបំបែកកំណត់ត្រា៕