រាជធានីភ្នំពេញ ៖
រថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកជាមួយថយន្តមួយគ្រឿងទៀតម៉ាកLexus RX350 បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅតាមបណ្ដោយផ្លូវ ព្រះនរោត្តម កែង១១៨ សង្កាត់ ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BA-0159បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៨ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ ខណៈពេលបើកមកដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្ត ឡិចស៊ីស RX350 ពណ៌ស ពាក់ផ្លាកលេខនគរបាល 2-5922 ដែលជារថយន្តរបស់មន្រ្តីនគបាលមួយរូប ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យរថយន្តព្រូស ខូចខាត ផ្នែកខាងមុខ ចំណែកឯរថយន្ត ឡិចស៊ីស ខូចខាតផ្នែកខាងឆ្វេង យ៉ាងធ្ងន់ធ្ងរទាំងសងខាងសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕