ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ប្រចាំឆ្នាំ២០២៤ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង គឺជាការផលិតធនធានថ្នាលយុវជន យុវនារីអាយុក្រោម ១៨ឆ្នាំ ដើម្បីពង្រឹងគុណភាពបន្តវេនឱ្យកាន់តែសម្បូរបែប និងគុណភាព ក្នុងបំណងឆ្លើយតបនឹងការរីកចម្រើននៃក្បាច់គុនអត្តសញ្ញាណជាតិ ដែលកំពុងរីកចម្រើនជាលំដាប់។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លើកឡើងទៀតថា នេះជារឿងដ៏មានសារៈសំខាន់ ដែលយើងទាំងអស់គ្នាត្រូវតែពង្រឹងឱ្យបានខ្លាំងក្លាបន្ថែមទៀតនូវការបណ្តុះបណ្តាលថ្នាលយុវជនគុនខ្មែររបស់យើង ដោយសារតែការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺកំពុងផ្តោតខ្លាំងលើការអភិវឌ្ឍថ្នាលយុវជននេះឯង។ ប្រសិនបើយើងមិនពង្រឹងលើផ្នែកថ្នាលយុវជនគុនខ្មែរនោះទេ នោះក្នុងពេលអនាគតដ៏ខ្លីខាងមុខ គុណភាពប្រដាល់គុនខ្មែរនឹងធ្លាក់ចុះ ពីព្រោះថា ការវិវឌ្ឍរបស់កីឡាករ កីឡាការិនីកម្រិតខ្ពស់ចេះតែវិវឌ្ឍទៅមុខ។ ដូច្នេះមិនប្រាកដថា គុណផលបច្ចេកទេសរបស់ពួកគាត់នៅតែអាចរក្សាបានល្អរហូតនោះដែរ។ ដូច្នេះ យើងត្រូវតែមានរលកក្រោយរុញច្រាញរលកមុខ ដែលកំពុងធ្វើដំណើរទៅមុខ។
តាមរយៈផែនការយុទ្ធសាស្ត្រ នៅក្នុងអាណត្តិថ្មីទី៨របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រាប់ឆ្នាំ២០២៥-២០២៩នេះ ត្រូវបានឯកឧត្តម ខូវ ឆាយ បានអះអាងថា សហព័ន្ធកំពុងផ្តោតសំខាន់លើការអភិវឌ្ឍធនធានថ្នាលឱ្យបានខ្លាំងក្លា នៅតាមបណ្តាក្លឹប-សមាគមរាជធានីខេត្ត និងក្រសួងស្ថាប័នទាំងអស់ ក្រោមចំណុះរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យមានការបណ្តុះបណ្តាលថ្នាលគុនខ្មែរឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ គ្រោងធ្វើពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ចំណុចរង្វង់មូល ព្រះគោព្រះកែវ ផ្លូវជាតិលេខ៥) ដោយសហព័ន្ធបានរៀបចំវិញ្ញាសាសរុបចំនួន ១៩ប្រភេទទម្ងន់ ក្នុងនោះនារីមាន ៨ប្រភេទទម្ងន់៕